Vinicius Jr ប្រឈមមុខនឹងការហាមប្រាមមិនអោយលេងបាល់ទាត់រយៈពេលពីរឆ្នាំ

កីឡាករ Vinicius Junior របស់ក្លឹប Real Madrid កំពុងត្រូវបានស៊ើបអង្កេតចំពោះការបំពានដ៏ធំនៃក្រមសីលធម៌របស់ FIFA ហើយរូបគេអាច​ប្រឈមមុខនឹងការហាមឃាត់មិនឲ្យលេងបាល់រយៈពេលពីរឆ្នាំ។

គ្មានការងឿងឆ្ងល់ទេថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ Vinicius Jr បានបង្កើតខ្លួនឯងជាកីឡាករបាល់ទាត់ល្អបំផុតមួយរូបក្នុងពិភពលោក ដោយតែងតែបង្ហាញទម្រង់លេងយ៉ាងល្អសម្រាប់ក្រុម Real Madrid ។

ចាប់តាំងពីចូលរួមជាមួយក្លឹបយក្ស La Liga ពីក្លឹបប្រេស៊ីល Flamengo ក្នុងឆ្នាំ ២០១៨ ខ្សែបម្រើស្លាបរូបនេះ​ឈ្នះពានរង្វាន់មិនគួរឱ្យជឿចំនួន ១៤ រួមទាំងការលើកពាន Champions League ២ដង និងឈ្នះពានរង្វាន់ La Liga ចំនួន៣ដងផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ Real Madrid ប្រហែលជាត្រូវត្រៀមខ្លួនសម្រាប់ការលេងដោយគ្មានខ្សែប្រយុទ្ធប្រេស៊ីលរូបនេះ ខណៈដែលរូបគេត្រូវបានគេរាយការណ៍ថាស្ថិតនៅក្រោមការស៊ើបអង្កេតពីបទបំពានច្បាប់របស់ FIFA ដែលអាចឃើញរូបគេអាចត្រូវបានពិន័យមិនឲ្យចូលរួមការប្រកួតរយៈពេលពីរឆ្នាំ។

យោងតាមរបាយការណ៍ពី Gianluca Di Marzio បានបង្ហាញថាកីឡាករវ័យ ២៤ ឆ្នាំរូបនេះ​ បច្ចុប្បន្នកំពុងប្រឈមមុខនឹងពាក្យបណ្តឹងដែលចោទប្រកាន់​ថាបានជាប់ពាក់ព័ន្ធក្នុងការទិញក្លឹបបាល់ទាត់អាជីពមួយចំនួនតាមរយៈក្រុមហ៊ុន ALL Agenciamento Esportivo ដែលគ្រប់គ្រងដោយឪពុក និងភ្នាក់ងាររបស់គេ ហើយប្រសិនបើរកឃើញមែននោះVinicius Jr នឹងត្រូវជាប់បម្រាមមិនឲ្យលេងបាល់២ឆ្នាំ៕

Written by 

Related posts

Leave a Comment