ខ្យល់កន្ត្រាក់ប៉ះផ្ទះ ១៨ខ្នង ក្នុងនោះរលំទាំងស្រុង ០១ខ្នង នៅស្រុកមង្គលបូរី

បន្ទាយមានជ័យ ៖ កាលពីរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ ២០២៥ មានភ្លៀងលាយឡំនិងខ្យល់កន្ត្រាក់ បណ្ដាលឲ្យប៉ះពាល់លំនៅឋានរបស់ប្រជាពលរដ្ឋចំនួន១៨ខ្នង ក្នុងនោះដួលរលំទាំងស្រុងចំនួន០១ខ្នង ស្ថិតនៅក្នុងឃុំស្រះរាំង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

លោក រត័្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី បាន ចុះទៅទីតាំងដែលរងផលប៉ះពាល់ ធ្វើឲ្យផ្ទះរបស់ប្រជាពលរដ្ឋស្ថិតនៅក្នុងស្រុកមង្គលបូរី ចំនួន១៨ខ្នង ក្នុងនោះមានផ្ទះប្រជាពលរដ្ឋ០១ខ្នង ត្រូវបានដួលរលំទាំងស្រុង ស្ថិតនៅក្នុងឃុំស្រះរាំង ស្រុកមង្គលបូរី ។

លោកបានបន្តឲ្យដឹងទៀតថា ៖ក្រោយហេតុការណ៍ខ្យល់កន្ត្រាក់នេះកើតឡើង លោកបានចុះទៅដល់ផ្ទាល់ នៅមូលដ្ឋានដែលប្រជាពលរដ្ឋរងគ្រោះខាងលើ ។ ក្នុងនោះតាមការពិនិត្យជាក់ស្ដែង គឺ ផ្ទះដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់នេះ គឺ ភាគច្រើនជាផ្ទះឈើប្រក់ដំបូលស័ង្កសី ហើយភាគច្រើនប៉ើងដំបូល ដោយឡែកតែផ្ទះមួយខ្នងគត់ ដែលត្រូវបានប៉ើងដួលរលំទាំងស្រុង។

លោកអភិបាលស្រុក បានអត់ដឹងទៀតថា៖ចំពោះមុខអាជ្ញាធរស្រុកកំពុងតែរង់ចាំរបាយការណ៍ របស់អាជ្ញាធរឃុំរាយការណ៍ជាលម្អិត ដើម្បីធ្វើការឆ្លើយតប និងគ្រោះមហន្តរាយនេះ។ តែតាមពិនិត្យជាក់ស្តែងឃើញថា ពលរដ្ឋរងគ្រោះខ្លះជួបការលំបាក ពលរដ្ឋខ្លះមានជីវភាពធូរធារអាចដោះស្រាយដោយខ្លួនឯងបាន។

សូមបញ្ជាក់ថា៖ក្នុងខែមេសា ឆ្នាំ២០២៥នេះ គ្រោះធម្មជាតិខ្យល់កន្ត្រាក់លាយឡំជាមួយភ្លៀង បានធ្វើឲ្យប៉ះពាល់លំនៅដ្ឋានប្រជាពលរដ្ឋ ក្នុង ខេត្តបន្ទាយមានជ័យ ចំនួន០២លើករួចមកហើយ បន្ទាប់ពីលើកទី១ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ស្ថិតនៅក្នុងក្រុងសិរីភ័ណ ប៉ះពាល់ផ្ទះ៣៧ខ្នង ។ ចំណែកលើកទី២នេះ នៅស្រុកមង្គលបូរីនេះតែម្តង។ ជាមួយនឹងគ្រោះធម្មជាតិខ្យល់កន្ត្រាក់ ដែលធ្វើឲ្យប៉ះពាល់ព្រះប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខេត្តបន្ទាយមានជ័យ ក្រោយកើតហេតុភ្លាមៗ អាជ្ញាធរ និងកងកម្លាំងតែងតែចុះជួយជួសជុល ធ្វើផ្ទះជូនប្រជាពលរដ្ឋជានិច្ច ៕

Written by 

Related posts

Leave a Comment