ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានជួបជាមួយគ្រួសារអ៊ីស្រាអែល-រុស្ស៊ី ដែលត្រូវបានក្រុមហាម៉ាស់ចាប់ធ្វើជាចំណាប់ខ្មាំងនៅហ្គាហ្សា។ លោកក៏បានពិភាក្សាជាមួយលោក Alexander (Sasha) Troufanov ខណដែលម្តាយរបស់គាត់ឈ្មោះ Elena និងគូដណ្តឹងឈ្មោះ Sapir Cohen នៅវិមានក្រឹមឡាំងកាលពីថ្ងៃពុធផងដែរ។

លោក Troufanovs បានធ្វើអន្តោប្រវេសន៍ទៅអ៊ីស្រាអែលពីប្រទេសរុស្ស៊ីក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ ហើយនៅថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ក្រុមហាម៉ាសបានចាប់ពង្រត់លោក Alexander, Elena និង Sapir ពីតំបន់គីបប៊ូស នីរអូហ្ស។ ពួកសកម្មប្រយុទ្ធប៉ាឡេស្ទីនក៏បានចាប់ពង្រត់ជីដូនរបស់ Troufanov គឺលោកស្រី Irena Tati ផងដែរ។ ចំណែកឪពុករបស់គាត់ឈ្មោះ Vitaly Troufanov ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារ។
ទាំង ម្តាយ ជីដូន និងគូដណ្តឹងរបស់លោក Troufanov ត្រូវបានដោះលែងក្នុងអំឡុងពេលបទឈប់បាញ់រយៈពេលមួយសប្តាហ៍រវាងក្រុមហាម៉ាស់ និងអ៊ីស្រាអែលក្នុងខែវិច្ឆិកា ឆ្នាំ ២០២៣។ ចំណែកលោក Troufanov ត្រូវបានដោះលែងក្នុងអំឡុងពេលបទឈប់បាញ់ក្នុងខែកុម្ភៈ ឆ្នាំ ២០២៥ បន្ទាប់ពីចំណាយពេល ៤៩៨ថ្ងៃក្នុងការជាប់ឃុំ។
លោកពូទីនបានលើកទ្បើងថាលោកចង់ឃើញចំណាប់ខ្មាំងអ៊ីស្រាអែលដែលនៅសេសសល់បានត្រឡប់ទៅផ្ទះវិញឲ្យបានឆាប់។ លោកមានប្រសាសន៍ថា “ខ្ញុំសង្ឃឹមថាអ្នករាល់គ្នាដែលស្ថិតក្នុងស្ថានភាពដូចគ្នាដែលអ្នកស្ថិតក្នុងពេលនេះនឹងត្រូវបានដោះលែង”។ លោកក៏បានបន្ថែមថា “ខ្ញុំសប្បាយចិត្តណាស់ដែលបានឃើញអ្នកនៅទីនេះ ហើយជូនពរអ្នកឲ្យបានជួបតែសេចក្តីសុខ”។
យោងតាមលោកពូទីន Troufanovs ត្រូវបានដោះលែងដោយសារតែ “រុស្ស៊ីរក្សាទំនាក់ទំនងដ៏យូរអង្វែងជាមួយប្រជាជនប៉ាឡេស្ទីន ក៏ដូចជាតំណាង និងអង្គការរបស់ពួកគេ”។
លោក Alexander Troufanov ក៏បានស្នើឱ្យលោក Putin បន្តកិច្ចខិតខំប្រឹងប្រែងរបស់គាត់ដើម្បីធ្វើជាឈ្មួញកណ្តាលការដោះលែងជនជាតិអ៊ីស្រាអែលដែលនៅតែឃុំខ្លួននៅក្នុងតំបន់ហ្គាហ្សា។ គាត់បាននិយាយថា “ខ្ញុំដឹងថាអ្នកបានធ្វើច្រើនដើម្បីឱ្យពួកគេមានសេរីភាព និងសប្បាយរីករាយ ដូចខ្ញុំសព្វថ្ងៃនេះ ដែលអង្គុយជាមួយគ្រួសាររបស់ខ្ញុំ។ នោះមានន័យថាខ្ញុំពិតជាអស្ចារ្យណាស់”។ ខណនោះលោក ពូ ទីន បានឆ្លើយថា “យើងនឹងធ្វើប្រាកដណាស់”។
យោងតាម AP យ៉ាងហោចណាស់ចំណាប់ខ្មាំង ៥៩ នាក់នៅតែស្ថិតក្នុងតំបន់ហ្គាហ្សា ទោះបីជាមន្ត្រីអ៊ីស្រាអែលជឿថាតិចជាងពាក់កណ្តាលនៃពួកគេនៅរស់ក៏ដោយ។
ចំណែកអ៊ីស្រាអែលក៏បានបន្តការវាយប្រហារតាមអាកាស និងប្រតិបត្តិការជើងគោកនៅតំបន់ហ្កាហ្សាកាលពីខែមុន បន្ទាប់ពីភាគីទាំងពីរមិនបានយល់ព្រមលើការអនុវត្តដំណាក់កាលទីពីរនៃបទឈប់បាញ់អន្តរជាតិ៕
