ព្រឹទ្ធសមាជិកសភាសាធារណៈរដ្ឋអាមេរិក លោក Lindsey Graham បានអះអាងថា អ៊ីរ៉ង់ មានបរិមាណអាវុធកម្រិតអ៊ុយរ៉ាញ៉ូមគ្រប់គ្រាន់សម្រាប់ផលិតគ្រាប់បែកនុយក្លេអ៊ែរចំនួន ៦ គ្រាប់។

លោក Graham បានប្រាប់ នៅក្នុងបទសម្ភាសន៍មួយថា អ៊ីរ៉ង់ មានសារធាតុអ៊ុយរ៉ាញ៉ូមច្រើនគ្រប់គ្រាន់អាចធ្វើគ្រាប់បែកចំនួន ៦ គ្រាប់ ។ ពួកគេនឹងប្រើវា។ អ៊ីរ៉ង់ គឺនឹងត្រៀមបង្កើតគ្រាប់បែកនុយក្លេអ៊ែរចំនួន ៦ ។ ពួកគេនឹងសម្លាប់អ៊ីស្រាអែល។
ទោះជាយ៉ាងណា លោក មិនបានបង្ហាញភស្តុតាងដើម្បីបញ្ជាក់ការអះអាងរបស់លោក ណាមួយនោះទេ ហើយក៏មិនបង្ហាញប្រភពផងដែរ។
ដោយឡែក មេបញ្ជាការកណ្តាលអាមេរិក (CENTCOM) លោក Michael Kurilla បានកត់សម្គាល់ថា ទីក្រុង Tehran មិនបានធ្វើការសម្រេចចិត្តក្នុងការផលិតអាវុធនុយក្លេអ៊ែរនោះទេ ហើយ លោកប្រធានាធិបតី Masoud Pezeshkian ថា ទីក្រុងនេះ ក៏មិនស្វែងរកគោលដៅនៃការទទួលបានគ្រាប់បែកបរមាណូនោះដែរ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី ៧ ខែមីនា ឆ្នាំ ២០២៥ ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា លោក បានផ្ញើសារទៅកាន់មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ayatollah Ali Khamenei ដោយស្នើឱ្យមានការពិភាក្សាអំពីកម្មវិធីនុយក្លេអ៊ែរ។ ខណកាលពីថ្ងៃចន្ទ គេបានដឹងថា ភាគីទាំង ២ យល់ព្រមធ្វើការចរចាជុំដំបូងក្នុងប្រទេសអូម៉ង់ នៅថ្ងៃទី ១២ ខែមេសា នេះ៕

ដោយ៖ ពេជ្រ