រដ្ឋលេខាធិការអាកាសចរណ៍សុីវិល៖ អាកាសចរណ៍ជាតិកម្ពុជា នឹងពង្រីកជើងហោះហើរថ្មីៗ ប្រកបដោយផាសុកភាព និងសេវាកម្មល្អ កម្រិតផ្កាយ៣

រាជធានីភ្នំពេញ៖ រដ្ឋលេខាធិការអាកាសចរណ៍សុីវិលបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានបញ្ជាក់ឲ្យដឹងថា អាកាសចរណ៍ជាតិកម្ពុជា Air Cambodia នឹងពង្រីកជើងហោះហើរថ្មីៗ ប្រកបដោយផាសុកភាព និងសេវាកម្មល្អ កម្រិតផ្កាយ៣ នៃ Skytrax។ ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ អញ្ជើញចូលរួម ក្នុងពិធីអបអរសាទរ ពិធីបុណ្យចូលឆ្នាំខ្មែរឆ្នាំ២០២៥ ជាមួយនឹងការកំណត់អត្តសញ្ញាណថ្មី និងចក្ខុវិស័យថ្មី នៃអាកាសចរណ៍ជាតិកម្ពុជា នាថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៥។

ឯកឧត្តម ម៉ៅ ហាវណ្ណាល់ បានបញ្ជាក់ថា «អាកាសចរណ៍ជាតិកម្ពុជា បានដាក់ចេញនូវចក្ខុវិស័យថ្មី លើការពង្រីកជើងហោះហើរថ្មីៗបន្ថែមទៀត ប្រកបដោយផាសុកភាព និងសេវាកម្មល្អ កម្រិតផ្កាយ៣ នៃ Skytrax ជូនអ្នកដំណើរតាមផ្លូវអាកាសជាតិ និងអន្តរជាតិ»។ ការដាក់ចេញនូវចក្ខុវិស័យថ្មី លើការពង្រីកជើងហោះហើរថ្មីៗ នេះ ស្របជាមួយការចាប់ផ្តើម ប្រើប្រាស់អាកាសយានប្រភេទថ្មី ATR72-600 ចំនួន៣គ្រឿង នៅពាក់កណ្តាល ខែឧសភា ឆ្នាំ២០២៥។ នេះជាការបញ្ជាក់បន្ថែម របស់លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់។

ទន្ទឹមគ្នានេះ អាកាសចរណ៍ជាតិកម្ពុជា ក៏ប្រកាសជាផ្លូវការ នៃការផ្លាស់ប្តូរអត្តសញ្ញាណថ្មី ពីឈ្មោះ ក្រុមហ៊ុន «អាកាសចរណ៍ជាតិកម្ពុជា អង្គរអ៊ែរ» ទៅជា «អាកាសចរណ៍ជាតិកម្ពុជា» (Air Cambodia)។ បើតាមលោកបណ្ឌិត ម៉ៅ ហាវណ្ណាល់, ក្នុងឆ្នាំ២០២៤ កន្លងមកនេះ អាកាសចរណ៍ជាតិកម្ពុជា បានសម្រេចនូវសមិទ្ធិផល គួរកត់សំគាល់ ដោយមានការកើនឡើង នៃប្រាក់ចំណូលដល់ទៅ៥០% និងទទួលបាននូវប្រាក់ចំណេញផងដែរ។

ទន្ទឹមនឹងនេះ សុខុមាលភាព និងការយកចិត្តទុកដាក់ បណ្តុះបណ្តាលធនធានមនុស្ស នៃបុគ្គលិករបស់អាកាសចរណ៍ជាតិកម្ពុជាទាំងមូល ត្រូវបានពង្រឹង និងពង្រីកជាបន្តបន្ទាប់។ នេះជាការគូសបញ្ជាក់ របស់ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់។

ឆ្លៀតក្នុងឱកាសនេះ លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ ក៏សូមអរគុណ ដល់អាកាសចរណ៍ជាតិកម្ពុជា Air Cambodia បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ដើម្បីចូលរួមអនុវត្តសម្រេច «យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១» របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា ដែលវិស័យអាកាសចរណ៍ស៊ីវិល ស្ថិតនៅក្នុងបញ្ចកោណទី២៕

Written by 

Related posts

Leave a Comment