គ្រូស្វាយរៀង នៅ​តែ​បន្ត​មាន​ឆន្ទៈ​ចង់​ឈ្នះ​គិរីវង់ ជើង​ទី២​ពានសម្តេច​តេជោល្ងាចនេះ 

ព្រះ​ខ័នរាជ​ស្វាយ​រៀង​ ​នឹងបើក​កីឡដ្ឋាន​ខេត្ត​ស្វាយ​រៀង​ទទួល​ ​​គិរីវង់សុខសែនជ័យ នៅ​​​ម៉ោង១៨​:០០ នាទីល្ងាច​​នេះ ក្នុង​ការ​ប្រកួត​ជើង​ទី២ ​​​​នៃ​​​វគ្គ ១/៤ ផ្តាច់ព្រ័ត្រ ពាន​រង្វាន់ ​​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ​បន្ទាប់​ពី​​យក​ឈ្នះ​ ២-០ កាល​ជើង​ទី១ ​នៅ​ក្រៅ​ដី។ ​យ៉ា​ង​ណា​ក្ដី គ្រូ​បង្គោល​ Pep Muñoz ​នៅ​តែ​បន្ត​មាន​ឆន្ទៈ​ចង់​ឈ្នះ​ជើង​ទី២​​ទៀត ​ខណៈ Pablo ​នឹង​លេង​ជម្រើស​ដំបូង។

គ្រូ​បង្វឹក​សញ្ជាតិ​អេស្ប៉ាញ​​​គូស​បញ្ជាក់​ថា «​យើងមិន​គិត​អំពី​ជើង​ទី១​​ ទល់​គិរីវង់​សុខសែនជ័យ​ទេ។ យើង​ចង់​ឈ្នះ​​​ការ​ប្រកួត​ជើង​ទី២​នេះ ជា​ពិសេស ពេល​យើង​​លេង​ក្នុង​​ប្រកួត​មុន​ គឺ​មិន​បាន​ផ្ដល់​ឱ្យ​​អ្នក​គាំទ្រ​​នូវ​ជ័យជម្នះ​ក្នុង​ផ្ទះ​បាន​​ឡើយ។ យើង​ត្រៀម​រួចរាល់​សម្រាប់​ការ​ប្រកួត​ថ្ងៃ​នេះ។ យើង​ជា​ក្រុម​ជើង​ឯក​ពាន​សម្ដេច ហើយ​យើង​​ត្រូវ​តែ​បង្ហាញ​កម្រិត​ល្អ​បំផុត​តាម​តែ​អាច​ធ្វើ​ទៅ​បាន​រៀង​​​រាល់​​​ការ​ប្រកួត​ដែល​យើង​លេង»។

ក្រៅ​ពី​ការ​តាំង​ចិត្ត​ដាច់​ណាត់ ​គ្រូ​បង្គោល​​ក្រុម​ការពារ​ជើង​ឯក ​បន្ថែម​អំពី​វត្តមាន​របស់ Pablo បែប​​នេះ «Pablo ​នឹង​លេង​ជម្រើស​ដំបូង។ ​រូប​គេ​ទើប​ជា​សះ​ស្បើយ​ពី​របួស​យ៉ាងល្អ​ហើយ​គេ​ដឹង​ថា ​​ការ​ប្រកួត​​​នេះ គឺ​សម្រាប់​រូប​គេ។ ​​យើង​មាន​​​កីឡាករ​ពោរពេញ​ដោយ​កា​រប្រកួត​ប្រជែង​ខ្ពស់ ​ហើយ​អ្នក​ដែល​បាន​ចូល​លេង គឺ​​នឹង​ធ្វើឱ្យ​​បាន​ល្អ និង​ផ្ដល់​គ្រប់​យ៉ាង​ដល់​ក្រុម​ទាំង​មូល»។

បុរស​វ័យ ៤៥​​​ឆ្នាំ​ដាក់​ក្ដី​រំពឹង​ថា​ ​ការ​លេង​​​​ក្នុង​ដី ​តែង​តែ​ទទួល​បាន​ការ​គាំទ្រ​ពី​អ្នក​គាំទ្រ​​របស់​ខ្លួន ​ទោះ​ជា​ប្រកួត​ចំ​ថ្ងៃ​ធ្វើ​ការ​ ឬសិក្សាក្ដី ប៉ុន្តែលោក​​ជឿ​ថា​​ ពួក​គេ​អាច​មក​គាំទ្រ​ក្រុម និង​ជួយ​ឱ្យ​ក្រុម​ឈ្នះ​ការ​ប្រកួត​នេះ។

គ្រូ​បង្គោល​ដដែល​សង្កត់​ធ្ងន់​ថា «​យើង​មិន​​គិត​អំពី​ការ​ប្រកួត​ចុង​សប្ដាហ៍​ទល់​ភ្នំពេញក្រោន​ទេ​នា​​ពេល​ឥឡូវ​នេះ។ ពិត​ណាស់​ពួក​គេ​មិន​​​មាន​ការ​ប្រកួត​​ពាក់​កណ្ដាល​សប្ដាហ៍ ហើយ​​យើង​មាន​ពេល ២​ថ្ងៃ​ដើម្បី​សម្រាក ​ប៉ុន្តែ ​យើង​គ្មាន​អ្វី​ត្រូវ​ដោះ​សារ​ឡើយ។ ពួក​គេ​ប្រកួត​ទល់​ណាហ្គាវើលដ៍ រួច​ហើយ ដែល​មាន​ពេល​វេលា​ល្អ​ប្រសើរ និង​ច្រើន​ថ្ងៃ​សម្រាប់​ការ​ប្រកួត​ដ៏​​ធំ​នៅ​ថ្ងៃ​សៅរ៍​នេះ។ ខ្ញុំ​​​សង្ឃឹម​ថា​ ​រឿង​ទាំង​នេះ​ជួយ​ឱ្យ​មាន​ការ​ប្រកួត​ប្រជែង និង​ភាព​ស្រស់​បំព្រង​​​នៃ​ការ​ប្រកួត​សម្រាប់​ចុង​សប្ដាហ៍​នេះ​​ជូន​ដល់​​​អ្នក​គាំទ្រ​បាល់ទាត់​កម្ពុជា»៕

Written by 

Related posts

Leave a Comment