យន្តហោះឯកប្រណីតរបស់កីឡាករ Cristiano Ronaldo បានចុះចតនៅក្នុងអាកាសយានដ្ឋានទីក្រុង Manchester កាលពីពេលថ្មីៗនេះ ហើយមិនត្រូវបានអនុញ្ញាឱ្យហោះចេញពីព្រលានយន្តហោះឡើយ បន្ទាប់ពីរកឃើញមានបញ្ហាបច្ចេកទេស។ នេះបើតាមការចេញផ្សាយពីកាសែត The Sun កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ។
យន្តហោះឯកជនដ៏ប្រណីត Bombardier Global Express 6500 តម្លៃ ៦១លានផោនរបស់ Ronaldo បានចុះចតនៅអាកាសយានដ្ឋានទីក្រុងមេនឆេស្ទ័រ កាលពីថ្ងៃសុក្រសប្តាហ៍មុន បង្កជាមន្ទិលសម្រាប់អ្នកគាំទ្រក្រុម Man Utd។
យ៉ាងណាមិញ រហូតមកទល់ពេលនេះ ហេតុផលពីក្រោយការធ្វើដំណើរមកកាន់ទីក្រុងមេនឆេស្ទ័ររបស់ Ronaldo នៅមិនទាន់ដឹងច្បាស់នៅឡើយទេ។ ប៉ុន្តែយន្តហោះប្រណីត១គ្រឿងនេះ នឹងមិនចាកចេញពីទឹកដីអង់គ្លេសនៅពេលឆាប់ៗនេះទេ ដោយសារវិស្វករជំនាញបានរកឃើញមានស្នាមប្រេះមួយកន្លែងត្រង់បង្អួច។ ដូច្នេះយន្តហោះនឹងមិនត្រូវអនុញ្ញាតឱ្យចាកចេញពីព្រលានយន្តហោះឡើយ រហូតទាល់តែស្នាមប្រេះត្រូវបានជួសជុលរួច ខណៈបច្ចុប្បន្នវិស្វករកំពុងរង់ចាំគ្រឿងបន្លាស់ជំនួស ដែលកំពុងដឹកជញ្ជូនមកកាន់ទីក្រុងមេនឆេស្ទ័រ៕
