ព្រះខ័នរាជស្វាយរៀង នឹងបើកកីឡដ្ឋានខេត្តស្វាយរៀងទទួល គិរីវង់សុខសែនជ័យ នៅម៉ោង១៨:០០ នាទីល្ងាចនេះ ក្នុងការប្រកួតជើងទី២ នៃវគ្គ ១/៤ ផ្តាច់ព្រ័ត្រ ពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បន្ទាប់ពីយកឈ្នះ ២-០ កាលជើងទី១ នៅក្រៅដី។ យ៉ាងណាក្ដី គ្រូបង្គោល Pep Muñoz នៅតែបន្តមានឆន្ទៈចង់ឈ្នះជើងទី២ទៀត ខណៈ Pablo នឹងលេងជម្រើសដំបូង។
គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញគូសបញ្ជាក់ថា «យើងមិនគិតអំពីជើងទី១ ទល់គិរីវង់សុខសែនជ័យទេ។ យើងចង់ឈ្នះការប្រកួតជើងទី២នេះ ជាពិសេស ពេលយើងលេងក្នុងប្រកួតមុន គឺមិនបានផ្ដល់ឱ្យអ្នកគាំទ្រនូវជ័យជម្នះក្នុងផ្ទះបានឡើយ។ យើងត្រៀមរួចរាល់សម្រាប់ការប្រកួតថ្ងៃនេះ។ យើងជាក្រុមជើងឯកពានសម្ដេច ហើយយើងត្រូវតែបង្ហាញកម្រិតល្អបំផុតតាមតែអាចធ្វើទៅបានរៀងរាល់ការប្រកួតដែលយើងលេង»។
ក្រៅពីការតាំងចិត្តដាច់ណាត់ គ្រូបង្គោលក្រុមការពារជើងឯក បន្ថែមអំពីវត្តមានរបស់ Pablo បែបនេះ «Pablo នឹងលេងជម្រើសដំបូង។ រូបគេទើបជាសះស្បើយពីរបួសយ៉ាងល្អហើយគេដឹងថា ការប្រកួតនេះ គឺសម្រាប់រូបគេ។ យើងមានកីឡាករពោរពេញដោយការប្រកួតប្រជែងខ្ពស់ ហើយអ្នកដែលបានចូលលេង គឺនឹងធ្វើឱ្យបានល្អ និងផ្ដល់គ្រប់យ៉ាងដល់ក្រុមទាំងមូល»។
បុរសវ័យ ៤៥ឆ្នាំដាក់ក្ដីរំពឹងថា ការលេងក្នុងដី តែងតែទទួលបានការគាំទ្រពីអ្នកគាំទ្ររបស់ខ្លួន ទោះជាប្រកួតចំថ្ងៃធ្វើការ ឬសិក្សាក្ដី ប៉ុន្តែលោកជឿថា ពួកគេអាចមកគាំទ្រក្រុម និងជួយឱ្យក្រុមឈ្នះការប្រកួតនេះ។
គ្រូបង្គោលដដែលសង្កត់ធ្ងន់ថា «យើងមិនគិតអំពីការប្រកួតចុងសប្ដាហ៍ទល់ភ្នំពេញក្រោនទេនាពេលឥឡូវនេះ។ ពិតណាស់ពួកគេមិនមានការប្រកួតពាក់កណ្ដាលសប្ដាហ៍ ហើយយើងមានពេល ២ថ្ងៃដើម្បីសម្រាក ប៉ុន្តែ យើងគ្មានអ្វីត្រូវដោះសារឡើយ។ ពួកគេប្រកួតទល់ណាហ្គាវើលដ៍ រួចហើយ ដែលមានពេលវេលាល្អប្រសើរ និងច្រើនថ្ងៃសម្រាប់ការប្រកួតដ៏ធំនៅថ្ងៃសៅរ៍នេះ។ ខ្ញុំសង្ឃឹមថា រឿងទាំងនេះជួយឱ្យមានការប្រកួតប្រជែង និងភាពស្រស់បំព្រងនៃការប្រកួតសម្រាប់ចុងសប្ដាហ៍នេះជូនដល់អ្នកគាំទ្របាល់ទាត់កម្ពុជា»៕
