អាជ្ញាធរ បានឲ្យដឹងថា ចំនួនអ្នករងរបួស កើនឡើង ១១២ នាក់ នៅក្នុងគ្រោះអគ្គិភ័យដ៏ធំមួយដែលកើតចេញពីការផ្ទុះបំពង់បង្ហូរឧស្ម័ន Petronas ក្នុងតំបន់ Putra Heights នៃទីក្រុង Puchong ។

ជនរងគ្រោះ ចំនួន ៤៩ នាក់ កំពុងសម្រាកព្យាបាល នៅមូលដ្ឋានវេជ្ជសាស្រ្ត នៅតំបន់ Sri Maha Kaliamman ខណដែលចំនួន ៦៣ នាក់ផ្សេងទៀតត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្បែរនោះ ដើម្បីព្យាបាលបន្ថែមទៀត។
បើតាមរបាយការណ៍បឋមដំបូងរបស់អាជ្ញាធរ គឺមនុស្ស ៣៣ នាក់រងរបួស និង ៦ នាក់ ត្រូវបញ្ជូនទៅមន្ទីរពេទ្យ ។
ទន្ទឹមនោះ លោក Ahmad Mukhlis Mukhtar ជំនួយការនាយកដ្ឋានពន្លត់អគ្គីភ័យ និងជួយសង្គ្រោះក្រុង Selangor បាននិយាយថា អគ្គីភ័យនេះ ពាក់ព័ន្ធនឹងការលេចធ្លាយបំពង់បង្ហូរហ្គាស Petronas ជាមួយនឹងបំពង់បង្ហូរប្រេងប្រហែល ៥០០ ម៉ែត្រ ដែលឆាបឆេះ ។
គួរបញ្ជាក់ថា ហេតុការណ៍លេចធ្លាយហ្គាសនេះ បានបង្កឲ្យមនុស្សរបួស សម្រាប់របាយការណ៍ដំបូងគឺ ៣៣ នាក់ បន្ទាប់មករកឃើញឡើងដល់ ១១២ នាក់៕


ដោយ៖ ពេជ្រ