ប្រេស៊ីល សម្រេចដកគ្រូបង្វឹកលោក Dorival ចេញពីតំណែងហើយ ​

ក្រុមជម្រើសជាតិសាំបាប្រេស៊ីល បានឈានដល់ការបញ្ចប់តួនាទីគ្រូបង្វឹក លោក Dorival Junior ជាផ្លូវការហើយ គិតត្រឹមថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ នៅពេលដឹកនាំលេងសរុប ១៦ប្រកួត និងចាញ់តែ ៣ដងប៉ុណ្ណោះ។

ការសម្រេចនេះធ្វើឡើងក្រោយក្រុមរហស្សនាម «សាំបា» មួយនេះបានចាញ់ក្រុមម្ចាស់ផ្ទះអាហ្សង់ទីន ៤-១ ក្នុងជើងទី២ កាលពីដើមសប្តាហ៍នេះ នៃវគ្គជម្រុះ World Cup 2026 ប្រចាំតំបន់អាមេរិកឡាទីន។

ឆ្លងតាមលទ្ធផលនេះ បានញាំងឱ្យអតីតជើងឯក World Cup ៥សម័យបន្តឈរនៅលេខរៀងទី៤ ក្នុងចំណោម ១០ប្រទេស (ក្រុម) ក្នុងតំបន់ មុនឈានដល់ការសម្រេចដកតំណែងគ្រូបង្វឹកវ័យ ៦២ឆ្នាំ Dorival ដែលបានតែងតាំងដឹកនាំនាអំឡុងខែមករា ឆ្នាំ២០២៤ មក។

​បើយោងតាមការចេញផ្សាយដោយ The Athletic កាលពីថ្ងៃព្រហស្បតិ៍បានឱ្យដឹងថា សហព័ន្ធបាល់ទាត់ប្រេស៊ីល CBF បានកំពុងពិភាក្សាជាមួយលោក Carlo Ancelotti សញ្ជាតិអ៉ីតាលី ដែលកំពុងដឹកនាំក្លិប Real Madrid មកជំនួសលោក Dorival ដើម្បីលេង World Cup 2026៕

Written by 

Related posts

Leave a Comment