សិង្ហបុរី បញ្ចេញថវិកាជាង ១០ ម៉ឺន ជួយមីយ៉ាន់ម៉ា និងថៃ ដែលរងគ្រោះរញ្ជួយដី

កាកបាទក្រហមសិង្ហបុរី (SRC) សន្យាផ្តល់ប្រាក់ដំណាក់កាលដំបូងចំនួន ១៥០,០០០ ដុល្លារសិង្ហបុរី (១១១,៨៥០ ដុល្លារអាមេរិក) ដើម្បីគាំទ្រកិច្ចខិតខំប្រឹងប្រែងសង្គ្រោះបន្ទាន់នៃគ្រោះរញ្ជួយដីនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងប្រទេសថៃ ។

SRC បានលើកឡើង ក្នុងការចេញផ្សាយប្រព័ន្ធផ្សព្វផ្សាយនៅថ្ងៃសៅរ៍នេះថា ការរួមចំណែកនេះនឹងឆ្ពោះទៅរកការដោះស្រាយតម្រូវការបន្ទាន់។

នេះរួមបញ្ចូលទាំងការចែកចាយសម្ភារៈសំខាន់ៗដូចជា អាហារ ទឹក ភួយ ក្រណាត់ទេសឯក និងសម្ភារៈអនាម័យ ដល់សមាគមកាកបាទក្រហមមីយ៉ាន់ម៉ា និងសមាគមកាកបាទក្រហមថៃ។

ការអំពាវនាវអំពីការរៃអង្គាសថវិកាជាសាធារណៈក៏នឹងត្រូវបានដាក់ឱ្យដំណើរការក្នុងពេលឆាប់ៗនេះផងដែរ ដោយព័ត៌មានលម្អិតនឹងត្រូវចែករំលែកតាមរយៈគេហទំព័ររបស់កាកបាទក្រហមសិង្ហបុរី។

មូលនិធិដែលបានមកពីការអំពាវនាវនេះ នឹងគាំទ្រដោយផ្ទាល់ដល់ប្រតិបត្តិការសង្គ្រោះ និងការស្តារឡើងវិញសម្រាប់សហគមន៍ដែលរងផលប៉ះពាល់។

ការរញ្ជួយដីដ៏ធំមួយ បានវាយប្រហារប្រទេសមីយ៉ាន់ម៉ា និងប្រទេសថៃ កាលពីថ្ងៃសុក្រ ដោយសម្លាប់មនុស្សជាង ១៥០ នាក់ និងរាប់រយនាក់រងរបួស ដោយរាប់សិបនាក់ ជាប់នៅក្រោមគំនរអគារបាក់រលំ ហើយចំនួនអ្នកស្លាប់រំពឹងថានឹងកើនឡើង។

គ្រោះរញ្ជួយដីកម្រិត ៧.៧ រ៉ិចទ័រ ដំបូង បានវាយប្រហារភាគពាយព្យនៃទីក្រុង Sagaing ភាគកណ្តាលនៃប្រទេសមីយ៉ាន់ម៉ា ។

គ្រោះរញ្ជួយដីនេះ បានធ្វើឱ្យអគារ បាក់ស្រុតស្ពាន និងផ្លូវបំបែកនៅទូទាំងប្រទេសមីយ៉ាន់ម៉ា ហើយថែមទាំងបានបំផ្លាញអគារខ្ពស់ៗ ៣០ ជាន់ដែលកំពុងសាងសង់នៅចម្ងាយរាប់រយគីឡូម៉ែត្រ ក្នុងទីក្រុងបាងកក ផងដែរ៕

ដោយ៖ ពេជ្រ                  

Written by 

Related posts

Leave a Comment