នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ បានបញ្ជាក់ថាស្ថានភាពគុណភាពខ្យល់ នៅកម្ពុជាមានការប្រែប្រួលនៅក្នុងតំបន់ខ្លះ ក្នុងរយៈពេល២៤ម៉ោង ចាប់ពីម៉ោង០៧:០០នាទី ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ដល់ម៉ោង០៧:០០នាទី ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥។ ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា តាមរយៈទិន្នន័យ ដែលស្រង់បានតាមរយៈស្ថានីយ និងឧបករណ៍តាមដាននិងត្រួតពិនិត្យគុណភាពខ្យល់ទាំង៥៩កន្លែងនៅទូទាំងប្រទេស នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ បានបង្ហាញថា នៅរាជធានីភ្នំពេញ មានកម្រិតភាគល្អិតនិចល PM2.5 បានឡើងលើស ៥០មីក្រូក្រាមក្នុងមួយម៉ែត្រគូបខ្យល់ ដែលមានន័យថា សន្ទស្សន៍គុណភាពខ្យល់ស្ថិតក្នុងកម្រិត «មធ្យម» ស្ថិតក្នុងសន្ទស្សន៍គុណភាពខ្យល់ពណ៌លឿង។ ក្នុងស្ថានភាពគុណភាពខ្យល់បែបនេះ មនុស្សទូទៅអាចធ្វើសកម្មភាពក្រៅផ្ទះ«ធម្មតា»។

អាស្រ័យដូចបានជម្រាបជូននេះ អ្នកនាំពាក្យក្រសួងបរិស្ថាន សូមជម្រាបជូនព័ត៌មានទៅដល់សាធារណជនឲ្យបានជ្រាបថា ព័ត៌មានស្ដីពីគុណភាពខ្យល់ត្រូវបានផ្សព្វផ្សាយជាប្រចាំ នៅលើវេបសាយរបស់ក្រសួងបរិស្ថាន www.airquality.moe.gov.kh និងលើប្រព័ន្ធAPPឈ្មោះ CGS SPA ហើយទំព័រផេកហ្វេសប៊ុករបស់ក្រសួងបរិស្ថាន ក៏បានផ្សព្វផ្សាយ បន្ថែមទៀត នូវលទ្ធផលនៃគុណភាពខ្យល់ក្នុងរយៈពេល២៤ម៉ោងក្នុងប្រទេសកម្ពុជា។
កន្លងមកនេះ គុណភាពខ្យល់នៅកម្ពុជា មិនទាន់មានការប្រែប្រួលខ្លាំង ឈានដល់កម្រិតប្រកាសអាសន្ន ដែលតម្រូវឲ្យមានការចាត់វិធានការ ការពារផ្សេងៗ ក្នុងកម្រិតក្រហមនោះទេ។
ក្រសួងបរិស្ថានបានដាក់ចេញ គោលនយោបាយ «ផ្ទៃមេឃពណ៌ខៀវ» ដែលក្នុងនោះបានដាក់ពង្រាយ ឧបករណ៍និងស្ថានីយតាមដាន និងត្រួតពិនិត្យគុណភាព ខ្យល់ ជាប្រចាំចំនួន ៥៩ទីតាំង នៅទូទាំងប្រទេស។ លើសពីនេះក្រសួងបរិស្ថានមានស្ថានីយតាមដានតាមផ្កាយរណបចំនួន១កន្លែង និងរថយន្តចល័តចំនួន៣គ្រឿង ថែមផ្សេងទៀត។ គុណភាពខ្យល់នៅកម្ពុជា គិតជាមធ្យមក្នុងរយៈពេល២៤ម៉ោង ហើយក្នុងរយៈពេល១សប្តាហ៍កន្លងមកនេះ លទ្ធផល កម្រិតភាគល្អិតនិចល PM2.5 ស្ថិតនៅក្រោមស្តង់ដារជាតិ ៥០មីក្រូក្រាមក្នុងមួយម៉ែត្រគូបខ្យល់។
ក្រសួងបន្តខិតខំធ្វើការតាមដានគុណភាពខ្យល់ និងជូនដំណឹងដល់សាធារណជនជាទៀតទាត់ ដើម្បីមានវិធានការការពារសុខភាពក្នុងករណីចាំបាច់។

អ្នកនាំពាក្យក្រសួងបរិស្ថានសំណូមពរ ដល់អ្នកពាក់ព័ន្ធ ជាពិសេសសាធារណជន បន្តចូលរួមអនុវត្តវិធានការ តាមការណែនាំ របស់សារាចរលេខ០១ របស់រាជរដ្ឋាភិបាល ស្តីពីការទប់ស្កាត់និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ ជាពិសេសអនុវត្តវិធានការទប់ស្កាត់ និងបឈ្ឈប់ការដុត សំណល់កសិកម្ម គល់ជញ្ជ្រាំង ដុតទន្រ្ទានព្រៃ សំរាម សំណល់រឹង ប្លាស្ទិក ដែលជាប្រភពធ្វើឱ្យគុណភាព ខ្យល់ធ្លាក់ចុះ។
សូមបញ្ជាក់ថា ស្ថានភាពគុណភាពខ្យល់នៅក្នុង ព្រះរាជាណាចក្រកម្ពុជា ចាប់ពីម៉ោង ៧ ព្រឹក ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ដល់ម៉ោង ៧ ព្រឹក ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ មានកំហាប់ភាគល្អិតនិចលគិតជាមធ្យម ស្មើនឹង៤៧.២៣ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អ”។
ការប្រែប្រួលគុណភាពខ្យល់នៅកម្ពុជានៅក្នុងពេលនេះ បានបង្ហាញផងដែរថា ខេត្តដែលមានសន្ទស្សន៍គុណភាពខ្យល់ ពណ៌ខៀវៈ គុណភាពខ្យល់ល្អណាស់ គឺ ខេត្តកំពង់ឆ្នាំង ខេត្តកំពត ខេត្តក្រចេះ ខេត្តកែប និងខេត្តត្បូងឃ្មុំ។ ចំពោះពណ៌បៃតងៈ គុណភាពខ្យល់ល្អមាន មានខេត្តកំពង់ចាម ខេត្តកំពង់ធំ ខេត្តបាត់ដំបង ខេត្តកំពង់ស្ពឺ ខេត្តមណ្ឌលគីរី ខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តព្រះសីហនុ ខេត្តឧត្តរមានជ័យ ខេត្តពោធិ័សាត់ ខេត្តស្ទឹងត្រែង ខេត្តប៉ៃលិន ខេត្តតាកែវ។ ដោយឡែកក្នុងសន្ទស្សន៍ពណ៌លឿងៈ មានខេត្តបន្ទាយមានជ័យ ខេត្តកណ្តាល ខេត្តកោះកុង រាជធានីភ្នំពេញ ខេត្តព្រះវិហារ ខេត្តរតនគិរី និងខេត្តសៀមរាប៕




