ក្រុមអ៊ីស្លាមហាម៉ាស បានបាញ់គ្រាប់រ៉ុក្កែតច្រើនគ្រាប់ចូលទៅក្នុងប្រទេសអ៊ីស្រាអែល ដែលជាការសងសឹកចំពោះការបន្តការវាយប្រហារដោយយោធាសម្លាប់មនុស្សនៅតំបន់ហ្គាហ្សាស្ទ្រីប។ តាមសកម្មភាពនោះកិច្ចព្រមព្រៀងឈប់បាញ់របស់ភាគីទាំងពីរទំនងជាប្រឈមនឹងការដួលរលំ ខណៈការចរចាសម្រាប់ការបន្តបទឈប់បាញ់នៅតែជាប់គាំង។

អ៊ីស្រាអែលបានចាប់ផ្តើមការវាយប្រហារដោយទម្លាក់គ្រាប់បែកលើតំបន់ហ្គាហ្សាឡើងវិញកាលពីថ្ងៃអង្គារ បន្ទាប់មកក៏មានការបន្តប្រតិបត្តិការជើងគោកយោធាឡើងវិញផងដែរ។
មន្ត្រីសុខាភិបាលបាននិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែលកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញបានធ្វើឱ្យមនុស្ស ៨៥ នាក់ស្លាប់ និងជាង ១៣០ នាក់ទៀតរងរបួស។ ពួកគេក៏បាននិយាយផងដែរថា ចំនួនអ្នកស្លាប់ចាប់តាំងពីការចាប់ផ្តើមនៃការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ក្នុងខែតុលា ឆ្នាំ ២០២៣ បានកើនឡើងដល់ ៤៩,៦១៧ នាក់។
ក្រុមហាម៉ាស់បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានទម្លាក់គ្រាប់បែកលើទីក្រុង Tel Aviv ជាមួយនឹងការរារាំងដោយគ្រាប់រ៉ុក្កែត ដើម្បីឆ្លើយតបទៅនឹង ការសម្លាប់រង្គាលរបស់អ៊ីស្រាអែលលើជនស៊ីវិលនៅតំបន់ Gaza ។
យោធាអ៊ីស្រាអែលបាននិយាយថា ខ្លួនបានស្ទាក់ចាប់កាំជ្រួចមួយគ្រាប់ដែលបានបាញ់ចេញពីតំបន់ហ្កាហ្សា ហើយពីរគ្រាប់ទៀតបានធ្លាក់ក្នុងតំបន់ចំហមួយបណ្តាលឲ្យមនុស្សមួយចំនួនរងរបួស។
ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយអារ៉ាប់មួយបានដកស្រង់ប្រភពពីក្រុមហាម៉ាសដោយនិយាយថាក្រុមនេះបានប្រកាសបើកចំហចំពោះសំណើណាមួយដែលរួមបញ្ចូលផ្លូវទៅកាន់ដំណាក់កាលទីពីរនៃកិច្ចព្រមព្រៀងឈប់បាញ់ និងការដោះលែងអ្នកទោសប៉ាឡេស្ទីនដែលឃុំខ្លួននៅអ៊ីស្រាអែល។ បទឈប់បាញ់ដំណាក់កាលទីមួយរយៈពេលប្រាំមួយសប្តាហ៍បានបញ្ចប់នៅថ្ងៃទី ១ ខែមីនា ឆ្នាំ២០២៥។
ប្រទេសកាតា និងអេហ្ស៊ីបកំពុងស្វែងរកការសម្រុះសម្រួលការចរចារវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ដើម្បីសង្គ្រោះកិច្ចព្រមព្រៀងបទឈប់បាញ់ទ្បើងវិញ។
នាយករដ្ឋមន្ត្រីកាតាលោក Sheikh Mohammed bin Abdulrahman bin Jassim Al-Thani ដែលមានតួនាទីជារដ្ឋមន្ត្រីការបរទេសផងដែរនោះ បានពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសអេហ្ស៊ីបលោក Badr Abdelatty តាមទូរស័ព្ទកាលពីថ្ងៃព្រហស្បតិ៍។ ពួកគេបានសង្កត់ធ្ងន់លើតម្រូវការក្នុងការពង្រឹងកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីបន្តអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់នៅតំបន់ហ្គាហ្សាជាបីដំណាក់កាល៕

ដោយ៖ ពេជ្រ