សហព័ន្ធបាល់ទាត់អាហ្សង់ទីន (FA) បាននិយាយកាលពីថ្ងៃពុធថា ខ្សែប្រយុទ្ធអាហ្សង់ទីន Lautaro Martinez នឹងខកខានការប្រកួតជម្រុះ World Cup នាពេលខាងមុខជាមួយនឹងអ៊ុយរូហ្គាយ និង ប្រេស៊ីល ដោយសាររបួសសរសៃពួរ។
Martinez របស់ក្រុម Inter Milan នៅតែអង្គុយកៅអីបម្រុងសម្រាប់ការប្រកួតជើងទីពីរនៃការប្រកួត Champions League វគ្គ១៦ ជាមួយក្រុម Feyenoord កាលពីសប្តាហ៍មុនជាមួយនឹងភាពមិនស្រួលសាច់ដុំ។
កីឡាករវ័យ ២៧ ឆ្នាំរូបនេះបានត្រលប់មករកគ្រាប់បាល់វិញក្នុងជ័យជម្នះ ២-០ នៅក្របខណ្ឌ Serie A លើក្រុម Atalanta កាលពីថ្ងៃអាទិត្យ មុនពេលចូលរួមក្រុមរបស់ Lionel Scaloni ប៉ុន្តែឥឡូវនេះ Martinez ត្រូវបានដកខ្លួនចេញពីក្រុមជម្រើសជាតិដោយសាររបួសសរសៃពួរខាងឆ្វេងរបស់គេ។
Martinez ចូលរួមក្នុងបញ្ជីអវត្តមានដែលកំពុងកើនឡើងរបស់ប្រទេសអាហ្សង់ទីន រួមទាំងប្រធានក្រុម Lionel Messi ដែលមានរបួសសាច់ដុំ រួមជាមួយ Gonzalo Montiel, Giovani Lo Celso និង Paulo Dybala ផងដែរ ។
អាហ្សង់ទីននាំមុខក្នុងការប្រកួតជម្រុះតំបន់ CONMEBOL ដោយមាន ២៥ ពិន្ទុបន្ទាប់ពី ១២ ប្រកួត។ ក្រុមម្ចាស់ជើងឯក World Cup និង Copa America ប្រកួតជាមួយក្រុមចំណាត់ថ្នាក់លេខ ២ អ៊ុយរូហ្គាយ នៅថ្ងៃសុក្រ មុនពេលធ្វើជាម្ចាស់ផ្ទះទទួលប្រេស៊ីលចំណាត់ថ្នាក់លេខ ៥ បួនថ្ងៃក្រោយ៕
