សមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបើកកិច្ចពិភាក្សាអំពីការវាយប្រហារតាមអាកាសដែលអ៊ីស្រាអែលបានធ្វើនៅហ្គាហ្សាកាលពីថ្ងៃអង្គារ ខណមនុស្សជាច្រើនបានអំពាវនាវឱ្យមានបទឈប់បាញ់ឡើងវិញ។ ប៉ុន្តែសហរដ្ឋអាមេរិកបានច្រានចោលគំនិតបែបនេះ។

អាជ្ញាធរសុខាភិបាលនៅហ្គាហ្សានិយាយថា ការវាយប្រហារយ៉ាងសាហាវបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤០៤នាក់។ អ្នកសង្កេតការណ៍អចិន្ត្រៃយ៍របស់ប៉ាឡេស្ទីនប្រចាំអង្គការសហប្រជាជាតិ លោក Riyad Mansour បាននិយាយថា ប្រជាជនប៉ាឡេស្ទីនកំពុងត្រូវបានសម្លាប់ដោយមិនរើសអើង កំពុងត្រូវបានបដិសេធជំនួយមនុស្សធម៌ដោយមិនរើសអើង ត្រូវបានគេធ្វើបាប និងឃុំខ្លួនដោយមិនរើសអើង។
បេសកជនមកពីចក្រភពអង់គ្លេស បារាំង និងរុស្ស៊ីបានចូលរួមជាមួយលោក Mansour ក្នុងការជំរុញឱ្យបញ្ចប់ការប្រយុទ្ធគ្នាជាបន្ទាន់នៅហ្គាហ្សា។ ប៉ុន្តែឯកអគ្គរដ្ឋទូតស្តីទីសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ លោកស្រី Dorothy Shea បានស្តីបន្ទោសការវាយប្រហាររបស់ក្រុមហាម៉ាស់ដែលនៅតែបន្ត។ លោកស្រីបាននិយាយថា វាត្រូវបានគេដឹងយ៉ាងច្បាស់ថាក្រុមហាម៉ាស់នៅតែបន្តប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាឧបករណ៍ចាប់ផ្តើមដំណើរការវាយប្រហារដដែល ហើយសហរដ្ឋអាមេរិក ក៏ដូចអ្នកដ៏ទៃទៀតបានថ្កោលទោសសកម្មភាពបែបនេះ។
បេសកជនអ៊ីស្រាអែលបាននិយាយថា ការវាយប្រហារគឺជាការចាំបាច់ព្រោះពួកសកម្មប្រយុទ្ធបានបដិសេធមិនដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែល។ លោក Basem Naim សមាជិកការិយាល័យនយោបាយរបស់ក្រុមហាម៉ាស់ បានប្រាប់ NHK ថាក្រុមរបស់គាត់នឹងមិនចុះចាញ់ឡើយ។ គាត់បាននិយាយថា ប្រសិនបើអ៊ីស្រាអែល និងសហរដ្ឋអាមេរិកជឿថាការដាក់សម្ពាធលើក្រុមហាម៉ាសនឹងនាំឱ្យមានការដោះលែងចំណាប់ខ្មាំងនោះ នោះជាការបំភាន់ធំហើយ ព្រោះយើងមិនចង់ប្រយុទ្ធទេ។ ប៉ុន្តែប្រសិនបើចាំបាច់យើងនឹងការពារខ្លួនគ្រប់មធ្យោបាយទាំងអស់។
លោក Naim បានបន្ថែមថា ចំណាប់ខ្មាំងនឹងត្រូវបានដោះលែងតែនៅពេលដែលកងកម្លាំងអ៊ីស្រាអែលធ្វើការដកចេញទាំងស្រុងពីតំបន់ហ្គាហ្សា និងនៅពេលដែលអ្នកចរចាចូលរួមកិច្ចពិភាក្សាស្តីពីកិច្ចខិតខំប្រឹងប្រែងដើម្បីកសាងហ្គាហ្សាឡើងវិញ៕

ដោយ៖ ពេជ្រ