អតីតប្រធានាធិបតីរុស្ស៊ី ព្រមានសង្គ្រាមធំបន្តទៀត បើណាតូ ចង់សាក

អតីតប្រធានាធិបតីរុស្ស៊ីលោក ឌីមីទ្រី មេដវេដេវ បានព្រមានថាការដាក់ពង្រាយកងទ័ពណាតូក្រោមរូបភាព “អ្នករក្សាសន្តិភាព”ទៅកាន់អ៊ុយក្រែននឹងបង្កឱ្យមានសង្គ្រាមទ្រង់ទ្រាយធំនិងគ្រប់ប្រភេទរវាងប្លុកយោធាណាតូ និងទីក្រុងមូស្គូ។

ការព្រមានបែបនោះធ្វើទ្បើងបន្ទាប់ពី ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ មេដឹកនាំនៃចក្រភពអង់គ្លេស និងបារាំងបានបង្កើនការពិភាក្សាអំពីបេសកកម្មបែបនេះនៅអ៊ុយក្រែន។

នៅក្នុង​ការផ្សាយ​នៅលើបណ្តាញ​ X កាលពី​ថ្ងៃអាទិត្យ លោក Medvedev ដែល​បច្ចុប្បន្ន​កាន់តំណែង​ជា​អនុប្រធាន​ក្រុមប្រឹក្សាសន្តិសុខ​របស់​រុស្ស៊ី​បាន​ថ្លែងថា ប្រធានាធិបតី​បារាំងលោក Emmanuel Macron និង​នាយករដ្ឋមន្ត្រី​អង់គ្លេសលោក Keir Starmer ដែលបានលើកគំនិតបែបនេះគឺ “កំពុង​លេងសើច”និងការបង្កសង្រ្គាមទ្រង់ទ្រាយចម្រុះរវាងណាតូ និងរុស្ស៊ី។

 លោកបន្តថា មេដឹកនាំនៃប្រទេសប្លុកណាតូទាំងពីរ ម្តងហើយម្តងទៀត តែងផ្តល់គំនិតបែបនេះ ប៉ុន្តែលោកបញ្ជាក់ថាអ្នករក្សាសន្តិភាពនៅអ៊ុយក្រែនត្រូវតែមកពីរដ្ឋមិនមែនណាតូ។  

 រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov ធ្លាប់បានអះអាងស្រដៀងគ្នាថា ការដាក់ពង្រាយបុគ្គលិកយោធារបស់អង្គការណាតូ ទៅកាន់អ៊ុយក្រែន សូម្បីតែក្រោមការដឹកនាំរបស់កងរក្សាសន្តិភាព គឺស្មើនឹងការជាប់ពាក់ព័ន្ធដោយផ្ទាល់ ផ្លូវការ និងគ្មានការក្លែងបន្លំរបស់ប្រទេសណាតូក្នុងសង្គ្រាមប្រឆាំងនឹងរុស្ស៊ី។

កាលពីដើមខែនេះ លោក Starmer បានប្រកាសថា ចក្រភពអង់គ្លេស និងបារាំងបានត្រៀមខ្លួនរួចជាស្រេចដើម្បីដឹកនាំ សម្ព័ន្ធភាពយោធាពិសេសដើម្បីផ្តល់ការគាំទ្រដល់ទីក្រុងគៀវ រួមទាំងការដាក់ពង្រាយកងទ័ព និងយន្តហោះផងដែរ។ ពួកគេថ្លែងបែបនេះបន្ទាប់ពីកិច្ចប្រជុំកំពូលបន្ទាន់នៅទីក្រុងឡុងដ៍នាពេលថ្មីៗនេះ។ លោកបាននិយាយថា “មិនមែនគ្រប់ជាតិសាសន៍ទាំងអស់នឹងមានអារម្មណ៍ថាអាចរួមចំណែកបានទេ។ ប៉ុន្តែយើងក៏មិននៅស្ងៀមដែរ ហើយផ្ទុយ​ទៅ​វិញ អ្នក​ដែល​មាន​ឆន្ទៈ​ដូចហើយ នឹង​បង្កើន​ការ​ធ្វើ​ផែនការ​ឥឡូវ​នេះ​ដោយ​ភាព​បន្ទាន់​ជាក់​ស្តែងបំផុតដើម្បីសន្តិភាពនៅអ៊ុយក្រែន។

លោក Starmer បាន​បញ្ជាក់​បន្ថែម​ថា ចក្រភពអង់គ្លេស​បាន​ត្រៀម​ខ្លួន​ដើម្បី​គាំទ្រ​វា​ជាមួយ​នឹង​ស្បែកជើង​កវែង​នៅ​លើ​ដី និង​យន្តហោះ​នៅ​លើ​អាកាស រួម​ជាមួយ​អ្នក​ដទៃទៀត។

 ចំណែកលោក Macron បាននិយាយថា ទាហានលោកខាងលិចនឹងមកដល់អ៊ុយក្រែន លុះត្រាតែស្ថានភាពនៅលើដីមានសុវត្ថិភាពសម្រាប់ពួកគេ។    

 នាយករដ្ឋមន្ត្រីអ៊ីតាលី Giorgia Meloni ដែលបានចូលរួមក្នុងកិច្ចប្រជុំនេះ រួមជាមួយនឹងមេដឹកនាំផ្សេងទៀតបានលើកទ្បើងថា “វត្តមានរបស់ទាហានអ៊ីតាលីនៅក្នុងអ៊ុយក្រែនមិនដែលមាននៅក្នុងរបៀបវារៈនោះទេ។

 ផ្ទុយទៅវិញ អតីតនាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau បានបង្ហាញថា ទីក្រុង Ottawa កំពុងពិចារណាលើជម្រើសដែលអាចធ្វើបានទាំងអស់ ហើយមិនបានច្រានចោលការបញ្ជូនកងទ័ពទៅអ៊ុយក្រែនទេ។

 ដោយបញ្ជាក់សារជាថ្មីអំពីការត្រៀមខ្លួនរបស់គាត់ក្នុងការដាក់ពង្រាយបុគ្គលិកយោធាអង់គ្លេសទៅកាន់តំបន់ជម្លោះ លោក Starmer បានប្រាប់សភាកាលពីដើមខែនេះថាកិច្ចខិតខំប្រឹងប្រែងនេះគឺវាពាក់ព័ន្ធនឹងការធានាការគាំទ្ររបស់សហរដ្ឋអាមេរិកលើអ៊ុយក្រែន។

   កាលពីថ្ងៃចន្ទ រដ្ឋមន្ត្រីការបរទេសដាណឺម៉ាក Lars Lokke Rasmussen បានប្រាប់វិទ្យុ DR ថា “ប្រសិនបើវាមកដល់ចំណុចដែលវត្តមានអឺរ៉ុបត្រូវការសម្រាប់បទឈប់បាញ់ ឬកិច្ចព្រមព្រៀងសន្តិភាព នោះប្រទេសដាណឺម៉ាកកំពុងរៀបចំជាគោលការណ៍សម្រាប់រឿងនោះផងដែរ។

    ដោយអត្ថាធិប្បាយលើការរំពឹងទុកនៃកងទ័ពណាតូនឹងមកដល់អ៊ុយក្រែន អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីខែមុនដែរថា ការអភិវឌ្ឍន៍បែបនេះនឹង “មិនអាចទទួលយកបានទាំងស្រុងសម្រាប់ពួកយើង” ដោយលើកឡើងពីផលប៉ះពាល់ដែលវានឹងមានសម្រាប់សន្តិសុខជាតិរបស់រុស្ស៊ី៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment