ប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រកាសថា គណៈប្រតិភូអាមេរិកនឹងជួបជាមួយសមភាគីរុស្ស៊ី នៅថ្ងៃនេះ ឬថ្ងៃស្អែក(ថ្ងៃទី ១១-១២ ខែមីនា)។ នេះបើយោងតាមសារព័ត៌មានរ៉យទ័រដែលបានរាយការណ៍កាលពីថ្ងៃអង្គារ។

ការថ្លែងរបស់លោក Trump ធ្វើឡើងបន្ទាប់ពីការបញ្ចប់កិច្ចចរចារវាងគណៈប្រតិភូអាមេរិក និងអ៊ុយក្រែននៅប្រទេសអារ៉ាប៊ីសាអូឌីត ក្នុងអំឡុងពេលដែលទីក្រុងគៀវបានយល់ព្រមលើបទឈប់បាញ់រយៈពេល ៣០ ថ្ងៃ ហើយទីក្រុងវ៉ាស៊ីនតោនក៏បានប្តេជ្ញាចែករំលែកព័ត៌មានសម្ងាត់ជាមួយអ៊ុយក្រែនបន្តទៀត។
លោក Trump បានប្រាប់អ្នកយកព័ត៌មាននៅខាងក្រៅសេតវិមានកាលពីថ្ងៃអង្គារថា នោះជាបទឈប់បាញ់ទាំងស្រុងក៏ដោយក៏អ៊ុយក្រែនយល់ព្រមដែរ ហើយសង្ឃឹមថា រុស្ស៊ីនឹងយល់ព្រមចំពោះដំណោះស្រាយនោះ។
បេសកជនពិសេសរបស់លោក Trump គឺលោក Steve Witkoff ត្រូវបានគេរំពឹងថានឹងធ្វើដំណើរទៅកាន់ទីក្រុងមូស្គូក្នុងប៉ុន្មានថ្ងៃខាងមុខនេះដើម្បីពិភាក្សាអំពីជម្លោះអ៊ុយក្រែនជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladirmir Putin ។ ប៉ុន្តែទាំងមន្ត្រីអាមេរិក និងរុស្ស៊ី មិនបានបញ្ជាក់ជាសាធារណៈអំពីដំណើរនេះ ឬកាលបរិច្ឆេទពិតប្រាកដរបស់ខ្លួនរហូតមកដល់ពេលនេះ។
លោក Trump បានបន្តទៀតថា យើងនឹងជួបជាមួយពួកគេនៅថ្ងៃនេះ ឬថ្ងៃស្អែក ហើយសង្ឃឹមថា ពួកយើងនឹងអាចធ្វើការជាមួយគ្នានិងចេញកិច្ចព្រមព្រៀងមួយដែលយើងចង់បាន។ លោកគិតថា បទឈប់បាញ់មានសារៈសំខាន់ណាស់ ហើយបើយើងអាចឲ្យរុស្ស៊ីធ្វើបាន នោះជារឿងអស្ចារ្យណាស់ ព្រោះថាបើយើងមិនអាចបន្តកិច្ចព្រមព្រៀងបាននោះ មនុស្សនឹងត្រូវគេសម្លាប់ មនុស្សជាច្រើនទៀត។
រុស្ស៊ីមិនទាន់ចេញការឆ្លើយតបជាផ្លូវការចំពោះសេចក្តីថ្លែងការណ៍បន្ទាប់ពីកិច្ចចរចារវាងសហរដ្ឋអាមេរិក និងអ៊ុយក្រែននៅទីក្រុង Jeddah នៅឡើយទេ។ ទីក្រុងមូស្គូធ្លាប់បានចង្អុលបង្ហាញថា កិច្ចព្រមព្រៀងឈប់បាញ់បណ្តោះអាសន្នណាមួយមិនអាចទទួលយកបានឡើយ ដោយលើកហេតុផលថា វានឹងអនុញ្ញាតឱ្យក្រុងគៀវប្រមូលផ្តុំកងទ័ពឡើងវិញ។ លោកពូទីនបាននិយាយកាលពីខែមករាថា រុស្ស៊ីកំពុងស្វែងរកសន្តិភាពយូរអង្វែងដោយផ្អែកលើការគោរព និងផលប្រយោជន៍ស្របច្បាប់របស់ប្រជាជនទាំងអស់ដែលរស់នៅក្នុងតំបន់៕

ដោយ៖ ពេជ្រ