អតីតប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte ត្រូវបានចាប់ខ្លួន នៅថ្ងៃអង្គារ នៅទីក្រុងម៉ានីល ដោយប៉ូលីស អនុវត្តដីការបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ដោយលើកឡើងពីឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលទាក់ទងនឹងគ្រឿងញៀន។

បុរសវ័យ ៧៩ ឆ្នាំរូបនេះ ប្រឈមមុខនឹងការចោទប្រកាន់ពីឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៃឃាតកម្ម យោងតាម ICC សម្រាប់ការបង្ក្រាបដែលក្រុមសិទ្ធិមនុស្សប៉ាន់ស្មានថា បុរសក្រីក្ររាប់ម៉ឺននាក់ភាគច្រើនត្រូវបានសម្លាប់ដោយមន្រ្តី ដែលជារឿយៗដោយគ្មានភស្តុតាងថាពួកគេមានជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន។
វិមានប្រធានាធិបតី ចេញសេចក្តីថ្លែងការណ៍មួយថា ស្ថាប័នប៉ូលិស Interpol Manila បានទទួលច្បាប់ចម្លងជាផ្លូវការនៃដីកាចាប់ខ្លួនពី ICC ។
សេចក្ដីថ្លែងការណ៍ បញ្ជាក់ថា មកដល់ពេលនេះ លោក Duterte កំពុងស្ថិតនៅក្រោមការឃុំខ្លួនរបស់អាជ្ញាធរ ។
សេចក្តីថ្លែងការណ៍ បានបន្ថែមថា អតីតប្រធានាធិបតី និងសមាជិកដទៃទៀត មិនមានបញ្ហាសុខភាពអ្វីទេ ហើយកំពុងពិនិត្យដោយវេជ្ជបណ្ឌិតរបស់រដ្ឋាភិបាល ផងដែរ។
គួរបញ្ជាក់ថា លោក Duterte បានដាក់ចេញនូវយុទ្ធនាការបង្ក្រាបគ្រឿងញៀនដ៏មានសក្ដានុពលមួយ អំឡុងការកាន់តំណែងរបស់លោក ដោយអ្នកណាប្រព្រឹត្តនឹងត្រូវប្រហារជីវិត ប៉ុន្តែមានរបាយការណ៍មួយចំនួនអះអាងថា ការបង្ក្រាបនេះ គឺប៉ះពាល់ដល់អ្នកមិនជាប់ពាក់ព័ន្ធមួយចំនួន៕

ដោយ៖ ពេជ្រ