ពលរដ្ឋ១៨គ្រួសារសាងសង់សំណង់អាណាធិបតេយ្យលើដីចម្ការកៅស៊ូរដ្ឋបានយល់ព្រមនិងចាកចេញវិញហើយ នៅស្រុកអូរជុំ

ខេត្តរតនគិរី÷ កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ លោក វ៉ាន់ សោភា អភិបាលរងខេត្ត និងជាប្រធានលេខារដ្ឋានអចិន្ត្រៃយ៍គណបញ្ជាការឯកភាពខេត្តបានដឹកនាំក្រុមការងារចុះដោះស្រាយនិងសម្របសម្រួលក្រៅប្រព័ន្ធតុលាការ ជាមួយបងប្អូនប្រជាពលរដ្ឋចំនួន១៨គ្រួសារ ដែលបានសាងសង់ជាខ្ទមតូចៗមិនរៀបរយនៅលើដីចម្ការកៅស៊ូរដ្ឋ(រ៉ាប់ប៊ឺរលីមីធីត)មិនស្របច្បាប់នោះ ស្ថិតក្នុងភូមិថារ៉ងជង ឃុំអូរជុំ ស្រុកអូរជុំឥឡូវទទួលបានជោគជ័យជាស្ថាពរហើយ ដោយពួកគាត់យល់ព្រមស្តាប់តាមការណែនាំរបស់លោកអភិបាលរងខេត្ត និងលោកអភិបាលស្រុក។

លោក វ៉ាន់ សោភា អភិបាលរងខេត្តរតនគីរី បានបញ្ជាក់ថា រុះរើខ្ទមរបស់ពួកគាត់ចេញពីទីតាំងចាស់ យកមកដាក់នៅខាងក្រោយដើម្បីឲ្យរស់នៅជាបណ្ដោះ​អាសន្នសិន ដី៥ម៉ែត្រ,៣តឹក ជម្រៅ១៨ម៉ែត្រ ក្នុងមួយគ្រួសារ រង់ចាំឲ្យពួកគាត់ធ្វើលិខិតស្នាមត្រឹមត្រូវ មានឯកសារដូចជា អត្តសញ្ញាណប័ណ្ណ និងសៀវភៅគ្រួសារ តាមរយៈអាជ្ញាធរមូលដ្ឋាន យកមកសាលាខេត្តដើម្បីឲ្យអភិបាលខេត្តត្រួតពិនិត្យមើលថាតើពួកគាត់ពិតជាខ្វះខាតដីលំនៅឋានពិតមែនដែរទេ។

លោកថា ហើយចំណុចមួយទៀតពួកគាត់ក៏យល់ព្រមដាក់ពាក្យស្នើសុំដីដែលសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បង្កើតគម្រោងមួយនៅខេត្តស្ទឹងត្រែងចែកជូនដី ការពារព្រៃរួមគ្នាអភិវឌ្ឍន៍ដោយចីរភាព(ផ.ក.អ)នៅក្នុងមួយគ្រួសារ ៣ហិកតា ហេតុដូច្នេះហើយប្រជាពលរដ្ឋរស់នៅទីនេះជួនកាលពួកគាត់អត់មានឯកសារ និយាយរួមឯកសារទាំងអស់នោះអត់មានតែម្ដង។

ចំណែកលោក គៀង តុលា អភិបាលស្រុកអូរជុំ បានបញ្ជាក់ដែរថា សំណង់សាងសង់ជាខ្ទមដែលបានរុះរើខូចខាតទ្រព្យសម្បត្តិពួកគាត់ និងបានផ្ដល់ថវិកាជូនដល់ពួកគាត់ទាំងនោះដើម្បីសង់លំនៅឋានពួកគាត់ឡើងវិញ។

លោកអភិបាលស្រុក បានបញ្ជាក់ទៀតថា មានការចាត់ចែងគោលនយោបាយសម្រាប់ជូនដល់បងប្អូនប្រជាពលរដ្ឋ យកទៅសាងសង់លំនៅឋានថ្មី ក្នុងការខូចខាតទ្រព្យសម្បត្តិរបស់ពួកគាត់៕

Written by 

Related posts

Leave a Comment