ប្រធានាធិបតីអាមេរិកលោក Donald Trump បាននិងកំពុងរិះគន់យ៉ាងចាស់ដៃទៅកាន់សមភាគីអ៊ុយក្រែន។ ឥឡូវនេះស្រាប់តែលោក បានចេញការព្រមានដល់ប្រទេសរុស្ស៊ីវិញម្តង ខណដែលលោក ព្រមានថានឹងបង្កើនសម្ពាធទណ្ឌកម្មលើរុស្ស៊ី រហូតដល់បទឈប់បាញ់សម្រេច។

លោក Trump បានយកប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃសុក្រដើម្បីថ្លែងថា លោកកំពុង ពិចារណាលើវិស័យពន្ធគយនិងការដាក់ទណ្ឌកម្មទ្រង់ទ្រាយធំលើវិស័យធនាគារសម្រាប់រុស្ស៊ី។ ប៉ុន្តែលោកមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទេ។
ទោះជាយ៉ាងណា លោកកំពុងជំរុញភាគីទាំងសងខាងឲ្យចូលតុចរចាឲ្យបានឆាប់រហ័សបំផុត។ លោក Trump បានប្រាប់អ្នកសារព័ត៌មានថា វាអាចជា ការដោះស្រាយកាន់តែងាយស្រួលជាមួយរុស្ស៊ី ទាក់ទងនឹងការដោះស្រាយកិច្ចព្រមព្រៀងចុងក្រោយមួយ ពីព្រោះរុស្ស៊ីមាន សន្លឹកបៀទាំងអស់ ហើយអ៊ុយក្រែនមិនមាននោះទេ។
លោកថា រឿងមួយដែលអ៊ុយក្រែនមានគឺការដោះស្រាយរ៉ែដ៏មានសក្តានុពលជាមួយអាមេរិក។ ការរៀបចំកំពុងត្រូវបានធ្វើឡើងសម្រាប់ការចរចានៅប្រទេសអារ៉ាប៊ីសាអូឌីតនៅសប្តាហ៍ក្រោយ។
អ្នកនាំពាក្យក្រសួងការបរទេសអ៊ុយក្រែន លោក Heorhii Tykhyi បាននិយាយកាលពីថ្ងៃសុក្រថា នេះជាការពិតណាស់ ការអភិវឌ្ឍន៍ផែនការគឺបានស្វាគមន៍យ៉ាងខ្លាំង ដែលយើងមានផែនការប្រជុំនេះ។ ហើយយើងសង្ឃឹមយ៉ាងមុតមាំថា វានឹងធ្វើឡើងក្នុងលក្ខណៈស្ថាបនា ហើយយើងនឹងអាចសម្រេចបានលទ្ធផលល្អខ្លះៗនាពេលនោះ។ លោកបានបន្ថែមថា ភាគីអ៊ុយក្រែនចង់ចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ តាមគ្រប់មធ្យោបាយ៕

ដោយ៖ ពេជ្រ