ភ្នំពេញ៖ លោក ប៊ូ ច័ន្ទភីរូ អគ្គនាយក នៃនិយ័តករធានារ៉ាប់រងកម្ពុជា (ន.ធ.ក.) និង លោក Chang-Eon Heo ប្រធាន និងជានាយកប្រតិបត្តិនៃវិទ្យាស្ថានអភិវឌ្ឍន៍ធានារ៉ាប់រងកូរ៉េ (KIDI) នៅរសៀលថ្ងៃទី៤ ខែមីនានេះ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ បង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រង និងអភិវឌ្ឍវិស័យធានារ៉ាប់រងប្រទេសទាំងពីរ។

ពិធីចុះហត្ថលេខានេះ ប្រព្រឹត្តទៅដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និងក្រោមវត្តមានលោក រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) និងលោក So-Young Kim អនុប្រធាននៃគណៈកម្មការសេវាហិរញ្ញវត្ថុ នៃសាធារណរដ្ឋកូរ៉េ។
អនុស្សរណៈនៃការយោគយល់គ្នានេះ រៀបចំឡើងក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ តាមរយៈ ការចែករំលែកបទពិសោធន៍ ព្រមទាំងជំនាញបច្ចេកទេសដើម្បីបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រង និងអភិវឌ្ឍវិស័យធានារ៉ាប់រងទាំងក្នុងប្រទេសកូរ៉េ និងព្រះរាជាណាចក្រកម្ពុជា ក្នុងក្របខណ្ឌ ការបំពេញទស្សនកិច្ចសិក្សារវាងប្រទេសទាំងពីរ និងការរៀបចំកម្មវិធីផ្សេងៗ រួមមាន សិក្ខាសាលា វេទិកា និងកម្មវិធីបណ្តុះបណ្តាលក្នុងវិស័យ។

ក្រៅពីនេះ អនុស្សរណៈនៃការយោគយល់គ្នានេះ ក្នុងគោលបំណង ចែករំលែកព័ត៌មានពាក់ព័ន្ធនឹងវិស័យធានារ៉ាប់រង ជាពិសេសលើការគ្រប់គ្រងស្ថិតិធានារ៉ាប់រង និង ការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាធានារ៉ាប់រង និងការបំពេញកិច្ចការផ្សេងទៀតតាមការព្រមព្រៀងរបស់ភាគីទាំងសងខាង។
លោក ប៊ូ ច័ន្ទភីរូ អគ្គនាយក នៃនិយ័តករធានារ៉ាប់រងកម្ពុជាបានបញ្ជាក់បន្ថែមថា “គោលបំណងនៃអនុស្សរណៈនេះ គឺដើម្បីបង្កើតទំនាក់ទំនងសហប្រតិបត្តិការនៃកិច្ចការដែលទាក់ទងនឹងការធានារ៉ាប់រង ដោយផ្អែកលើអត្ថប្រយោជន៍ និងការអភិវឌ្ឍន៍ទៅវិញទៅមក។ តាមរយៈភាពជាដៃគូនេះ យើង នឹងមានក្របខណ្ឌកិច្ចសហប្រតិបត្តិការដែលអាចឱ្យស្ថាប័នទាំងពីរអាចធ្វើការរួមគ្នាប្រកបដោយប្រសិទ្ធភាពលើវិស័យមួយចំនួន ដូចជា ការផ្លាស់ប្តូរទស្សនកិច្ច ការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ផ្សេងៗ រួមទាំងសិក្ខាសាលា និងសន្និសីទ និងការផ្លាស់ប្តូរព័ត៌មានពីវិស័យធានារ៉ាប់រងប្រទេសទាំងពីរ ជាពិសេសលើការកសាងសមត្ថភាព។”
លោក ប៊ូ ច័ន្ទភីរូ ជឿជាក់យ៉ាងមុតមាំថា អនុស្សរណៈនេះ នឹងផ្តល់អត្ថប្រយោជន៍ដល់ស្ថាប័នទាំងពីរ ហើយទន្ទឹងរង់ចាំភាពជាដៃគូ និងការសហការប្រកបដោយផ្លែផ្កាដែលអាចបម្រើសហគមន៍ប្រទេសទាំងពីរប្រកបដោយប្រសិទ្ធភាព៕







