សហព័ន្ធកីឡាបាល់ទះកម្ពុជាប្រកាសគម្រោងជ្រើសរើសយុវជនអាយុក្រោម១៤ឆ្នាំ

លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បានទម្លាយហើយថា សហព័ន្ធគ្រោងបង្កើតក្រុមយុវជនអាយុក្រោម១៤ឆ្នាំ ដើម្បីត្រៀមចូលរួមព្រឹត្តិការណ៍កីឡាយុវជនអាស៊ី ឆ្នាំ២០២៩។ បេក្ខភាពយុវជនអាយុចាប់ពី១៣ឆ្នាំចុះ និងកម្ពស់ចាប់ពី១ម៉ែត្រ៨០ឡើងទៅ។

សម្រាប់ការជ្រើសរើស​ លោកអគ្គលេខាធិការឱ្យដឹងថា គឺអាចចម្រាញ់ពីព្រឹត្តិការណ៍កីឡាបឋមសិក្សាប្រចាំរបស់ក្រសួងអប់រំ យុវជន និងកីឡា និងសហការតាមបណ្ដាខេត្តនានា។ បន្ទាប់ពីជ្រើសរើសហើយ នឹងមានការប្រមូលផ្ដុំស្នាក់នៅបោះជំរំហ្វឹកហាត់ជុំគ្នានៅរាជធានីភ្នំពេញ ដោយមានការសហការជាមួយក្លឹបបាល់ទះវិសាខា។

មិនត្រឹមតែបណ្ដុះលើជំនាញកីឡាប៉ុណ្ណោះទេ លោកបណ្ឌិត អាំង សិរីពិសិដ្ឋ ឱ្យដឹងថា យុវជនអាចបន្តការសិក្សាបន្ថែមដល់កម្រិតមហាវិទ្យាល័យដែលរ៉ាប់រងដោយសហព័ន្ធកីឡាបាល់ទះកម្ពុជា ឱ្យមានចំណេះដឹង និងជំនាញក្នុងសង្គមថែមទៀតដែលអាចចាប់ការងារណាបានតាមចំណង់ចំណូលចិត្ត ក្រោយឈប់ពីអាជីពជាកីឡាករ។ ពេលចម្រើនវ័យ១៨ឆ្នាំ ពួកគេក៏អាចចូលរួមក្រុមអាជីពណាផ្សេងទៀតដែរ។នេះជាការបន្ថែមក្រុមយុវជនថ្នាលមួយកម្រិតអាយុទៀតរបស់សហព័ន្ធកីឡាបាល់ទះកម្ពុជា ពីលើក្រុមយុវជនអាយុក្រោម១៨ឆ្នាំដែលមានស្រាប់៕(ដកស្រង់ពី Olympiccambodia)

Written by 

Related posts

Leave a Comment