ចលនាហាម៉ាស់រ៉ាឌីកាល់ បានផ្ញើលិខិតមួយច្បាប់ទៅកាន់អង្គការរំដោះប៉ាឡេស្ទីន ដោយជូនដំណឹងអំពីឆន្ទៈរបស់ខ្លួនក្នុងការប្រគល់តំបន់ហ្គាហ្សាស្ទ្រីប ឲ្យស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិប៉ាឡេស្ទីន (PNA) និងគណៈកម្មាធិការរដ្ឋាភិបាល។ នេះបើយោងតាមបណ្តាញទូរទស្សន៍ Sky News Arabia TV បានរាយការណ៍ដោយដកស្រង់ប្រភព ។

ប្រភព បន្ថែមថា ក្នុងពេលជាមួយគ្នានោះ ក្រុមហាម៉ាស ក៏ដាក់លក្ខខណ្ឌមួយថា មន្ត្រីនៅតំបន់ហ្គាហ្សា គួរតែមានការងារនៅក្នុងរដ្ឋបាលថ្មី ហើយក្នុងករណីមានការបណ្តេញចេញ ត្រូវបន្តទទួលបានប្រាក់ខែ។
ចលនានេះ បានធ្វើការសម្រេចចិត្តក្រោមសម្ពាធយ៉ាងខ្លាំងពីប្រទេសអេហ្ស៊ីប បន្ទាប់ពីការចរចារបស់គណៈប្រតិភូរបស់ខ្លួននៅទីក្រុងគែរ។
គួរបញ្ជាក់ថា ក្រុមហាម៉ាស់ បានជូនដំណឹងដល់អ្នកសម្រុះសម្រួលថា ខ្លួនមានបំណងគោរពតាមកិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយអ៊ីស្រាអែល ហើយនឹងមិនចូលរួមក្នុងការគ្រប់គ្រងតំបន់ហ្គាហ្សា នាពេលអនាគតទេ។ យោងតាមប្រភព ប្រទេសអេហ្ស៊ីប ពេលនេះកំពុងស្ថិតក្នុងការពិគ្រោះយោបល់យ៉ាងយកចិត្តទុកដាក់លើការបង្កើតគណៈកម្មាធិការបណ្ដោះអាសន្នមួយ ដែលទទួលខុសត្រូវចំពោះជំនួយដល់ប្រជាជននៃតំបន់ជុំវិញ និងការស្ដារឡើងវិញ ៕

ដោយ៖ ពេជ្រ