កងកម្លាំងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធ Hezbollah បានបញ្ឈប់ការប្រយុទ្ធគ្នា បន្ទាប់ពីមានកិច្ចព្រមព្រៀងឈប់បាញ់ ខណដែលកិច្ចព្រមព្រៀងនេះបានបញ្ចប់ការប៉ះទង្គិចគ្នាដែលបានជម្លៀសប្រជាជនជាងមួយលាននាក់នៅក្នុងប្រទេសលីបង់។ អ្នកស្រុកបាន និងកំពុងចាប់ផ្តើមត្រឡប់ទៅផ្ទះវិញផងដែរ។
ប្រជាជននៅក្នុងរដ្ឋធានី Beirut បានប្រារព្ធកិច្ចព្រមព្រៀងនេះដោយដើរតាមផ្លូវកាលពីថ្ងៃពុធ ហើយគ្រវីទង់ជាតិ Hezbollah ។ កិច្ចព្រមព្រៀងឈប់បាញ់ត្រូវបានបញ្ចប់រវាងរដ្ឋាភិបាលនៃប្រទេសលីបង់ និងអ៊ីស្រាអែល ហើយត្រូវបានសម្របសម្រួលដោយសហរដ្ឋអាមេរិក។
កិច្ចព្រមព្រៀងបានអំពាវនាវឱ្យយោធាលីបង់ត្រូវបានដាក់ពង្រាយទៅកាន់ភាគខាងត្បូងប្រទេសលីបង់ក្នុងរយៈពេល ៦០ ថ្ងៃ ខណដែលតំបន់នេះធ្លាប់ជាបន្ទាយរបស់ក្រុមហេសបូឡា។
ចំណែកក្រុម Hezbollah នឹងដកថយទៅភាគខាងជើងនៃទន្លេ Litani ដែលមានចម្ងាយប្រហែល ៣០ គីឡូម៉ែត្រពីព្រំដែនលីបង់ជាមួយអ៊ីស្រាអែល។ ទាហានអ៊ីស្រាអែលនឹងធ្វើការដកចេញជាបណ្តើរៗពីតំបន់នោះផងដែរ។
អ៊ីរ៉ង់បានផ្តល់ការគាំទ្រកិច្ចព្រមព្រៀង និងគាំទ្រដល់ក្រុមហេសបូឡា។ កាលពីថ្ងៃពុធ រដ្ឋមន្ត្រីការបរទេសលោក Abbas Araghchi បាននិយាយថា កិច្ចខិតខំប្រឹងប្រែងណាមួយដើម្បីបញ្ឈប់អំពើឃោរឃៅរបស់អ៊ីស្រាអែល នៅក្នុងតំបន់ និងការធ្វើឃាតរបស់ពួកគេនៅក្នុងប្រទេសលីបង់ និងកន្លែងផ្សេងទៀត គួរតែត្រូវបានស្វាគមន៍។
ទោះជាយ៉ាងណាក៏ដោយ ការរំពឹងទុកនៃបទឈប់បាញ់នៅកន្លែងផ្សេងទៀតនៅមជ្ឈិមបូព៌ាហាក់ដូចជានៅមានភាពស្រអាប់នៅទ្បើយ។ កងកម្លាំងអ៊ីស្រាអែលបាននិងកំពុងបន្តការវាយប្រហារនៅតំបន់ហ្គាហ្សា ខណដែលក្រុមហាម៉ាស់បានចេញសេចក្តីថ្លែងការណ៍មួយដែលបង្ហាញពី ការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការសហការជាមួយនឹងការប្រឹងប្រែងណាមួយដើម្បីបញ្ឈប់ការបាញ់ប្រហារ ហើយបានអំពាវនាវជាថ្មីម្តងទៀតឱ្យមានការដកកងកម្លាំងអ៊ីស្រាអែលទាំងស្រុងចេញពីហ្គាហ្សា។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu កាលពីថ្ងៃអង្គារបានសន្យាម្តងទៀតថានឹងបន្តសង្រ្គាមរហូតដល់ក្រុមហាម៉ាសត្រូវបានបំផ្លាញ៕
ដោយ៖ ពេជ្រ