សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សហការណ៍ជាមួយមូលនិធិប្រាសាទពិភពលោក( World Monuments Fund) បានរៀបចំសិក្ខាសាលាស្តីពី “គម្រោងបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកអភិរក្សបេតិកភណ្ឌ”នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្ប: ទីតាំងជ្រោយចង្វារ ក្រោមវត្តមាន លោកអ្នកឧកញ៉ាមហាភក្តី គង់ បញ្ញា ទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការទូទៅ អមក្រសួងព្រះមរបរាជវាំង និងលោកជំទាវ ប៉ែន មុនីមករា រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

សិក្ខាសាលាខាងលើនេះត្រូវបានរៀបចំទ្បើងនាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ក្នុងគោលបំណងសិក្សាស្វែងយល់ពីតម្រូវការចាំបាច់នានា និងបញ្ហាប្រឈមជាក់ស្តែងក្នុងកិច្ចការអភិរក្សនៅកម្ពុជា ដើម្បីគ្រោងបង្កើតថ្នាក់បណ្តុះបណ្តាលជំនាញអភិរក្សបេតិកភណ្ឌវប្បធម៌កម្រិតបរិញ្ញាបត្រជាន់ខ្ពស់នាពេលខាងមុខ ខណសិក្ខាសាលានេះផងដែរក៏បានទទួលការគាំទ្រថវិកាពីស្ថានទូតអាមេរិកប្រចាំនៅព្រះរាជាណាចក្រកម្ពុជា៕



