ឯកឧត្ដម វ៉ាត់ ចំរើន ៖ ភូមិយុទ្ធគុនដូនតាខ្មែរនឹងត្រូវបានដាក់បង្ហាញជាលើកដំបូងក្នុងកម្មវិធីអង្គរសង្ក្រាន្ដ

ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រោយកិច្ចប្រជុំជាមួយតំណាងសហភាពសហព័ន្ធយុវជនកម្ពុជា ស្ដីពីការត្រៀមរៀបចំកម្មវិធីក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ អបអរសាទរពិធីចូលឆ្នាំថ្មី ឆ្នាំ២០២៥ថា ភូមិយុទ្ធគុនដូនតាខ្មែរនឹងត្រូវបានដាក់បង្ហាញជាលើកដំបូងក្នុងកម្មវិធីអង្គរសង្ក្រាន្ដ។

ឯកឧត្ដមអគ្គលេខាធិការបញ្ជាក់ថា ភូមិយុទ្ធគុនដូនតាខ្មែរនឹងបង្ហាញនូវគ្រប់ទម្រង់នៃយុទ្ធគុនខ្មែរ ទាំងយុទ្ធគុនដែលត្រូវបានរកឃើញ និងមិនទាន់បានរកឃើញ។ គណៈកម្មការនឹងប្រមែប្រមូលអ្នកចេះយុទ្ធគុនខ្មែរទាំងនេះចូលរួមការសម្ដែងក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ។ ក្រៅពីយុទ្ធគុនដែលត្រូវបានប្រមូលផ្ដុំស្រាប់ដូចជា គុនខ្មែរ គុនល្បុក្កតោ យុទ្ធក្រមខម ចំបាប់ គុនខែល គុនដំបង គុនដាវ ក៏នឹងមានបន្ថែមនូវយុទ្ធគុនថ្មីៗ ទម្រង់ថ្មីៗ មានក្រពើហា ខ្លាក្រាប ស្រងែពែន ជាដើម។ មិនតែប៉ុណ្ណោះ ក៏អាចមានការប្រកួតកីឡាចំបាប់បុរាណខ្មែរ មហាជនកម្សាន្ដសប្បាយ ព្រោះចំបាប់បុរាណខ្មែរជាវប្បធម៌ដ៏ចំណាស់មួយ និងជាប្រភពដើមនៃយុទ្ធគុនមួយចាស់ជាងគេ ហើយមានរូបចម្លាក់ច្រើនជាងគេក្នុងតំបន់អង្គរស្ដីពីកីឡាចំបាប់នេះ។

អ្វីដែលពិសេសទៅទៀតនោះ​​ មហាជនអាចចូលរួមហ្វឹកហាត់យុទ្ធគុនបុរាណខ្មែរតាមចំណាប់អារម្មណ៍រៀងៗខ្លួន ដើម្បីទទួលបាននូវបទពិសោធន៍ផ្ទាល់ និងចំណេះដឹងស្ដីពីក្បាច់គុនបុរាណខ្មែរដែលបង្ហាញដោយព្រឹទ្ធាចារ្យចាស់ៗ។

ឯកឧត្ដម វ៉ាត់ ចំរើន រំពឹងថា កម្មវិធីដ៏ពិសេសៗនេះនឹងបំផុសនូវស្មារតីជាតិនិយម ការស្រលាញ់ដូនតា ទឹកដី ប្រទេសជាតិ និង ដឹងគុណអ្នកយុទ្ធគុនបុរាណខ្មែរ។

ទន្ទឹមនឹងនេះ ឯកឧត្ដម វ៉ាត់ ចំរើន បន្ថែមទៀតថា ក្រៅពីភូមិយុទ្ធគុនដូនតាខ្មែរ ក៏នឹងមានកីឡាអុកចត្រង្គដែលនឹងធ្វើឡើងក្នុងទម្រង់ពិសេសថ្មីជាងឆ្នាំមុនៗ នោះ គឺនិស្សិតៗដែលកំពុងសិក្សានៅសាកលវិទ្យាល័យនានាទូទាំងប្រទេសកម្ពុជាអាចមានឱកាសក្លាយជាស្ដេចអុកចត្រង្គប្រចាំព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ ឆ្នាំ២០២៥។

វគ្គជម្រុះសម្រាប់និស្សិតនឹងចាប់ផ្ដើមក្នុងខែមីនា ​ស្របពេលជាមួយនឹងវគ្គជម្រុះសម្រាប់មហាជនទូទៅដែរ។ និស្សិត២រូបដែលជាប់ក្នុងវគ្គជម្រុះ បូករួមទាំងបេក្ខភាពពីវគ្គជម្រុះមហាជនចំនួន៨រូប សរុប១០រូប នឹងត្រូវប្រកួតនៅថ្ងៃអង្គរសង្ក្រាន្ដ ដើម្បីស្វែងរកស្ដេចអុកចត្រង្គប្រចាំព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ។ ឯកឧត្ដម បានសង្កត់ធ្ងន់ថា នេះជាការបំផុសចលនាធ្វើឱ្យការលេងអុកចត្រង្គខ្មែរកាន់តែផុសផុលថែមទៀត។

បន្ថែមលើនេះ ក្រៅពីការប្រកួត នឹងមានការបង្ហាញពីអុកយក្សក៏ដូចជាការស្វែងយល់ពីអុកចត្រង្គខ្មែរ ហើយថែមទាំងការឆ្លើយ និងសំណួរចម្លើយដែលទាក់ទងនឹងអុកចត្រង្គខ្មែរ បូករួមទាំងការបង្ហាត់បង្រៀនទៀតផង៕ (ដកស្រង់ពី៖olympiccambodia)

Written by 

Related posts

Leave a Comment