មេដឹកនាំនៅជុំវិញពិភពលោកបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងបន្ទាប់ពីប្រធានាធិបតីអាមេរិកលោក Donald Trump បានដាក់ពន្ធ 25 ភាគរយលើដែកថែបនិងអាលុយមីញ៉ូមបរទេស។

លោក ត្រាំ បានចុះហត្ថលេខាលើការប្រកាសអំពីអត្រាខ្ពស់ថ្មីក្នុងការិយាល័យ Oval Office នៅល្ងាចថ្ងៃចន្ទ។ អត្រាពន្ធថ្មីនេះនឹងចូលជាធរមាននៅថ្ងៃទី 12 ខែមីនា ឆ្នាំ២០២៥។
មន្ត្រីសហភាពអឺរ៉ុបបានសម្តែងការខកចិត្តរបស់ពួកគេចំពោះបញ្ហាតម្លើងពន្ធនេះ។ ស្នងការពាណិជ្ជកម្ម EU លោក Maros Sefcovic បាននិយាយកាលពីថ្ងៃអង្គារថា ពួកគេនឹងឆ្លើយតបចំពោះអត្រាពន្ធថ្មីនេះនៅក្នុង យុទ្ធវិធីដ៏រឹងមាំ និងសមាមាត្រ។
លោក Sefcovic ក៏បានកត់សម្គាល់ផងដែរថា ពន្ធគយមិនត្រឹមតែបង្កគ្រោះថ្នាក់សម្រាប់ដៃគូពាណិជ្ជកម្មដែលពាក់ព័ន្ធដោយផ្ទាល់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប្រថុយប្រថាននឹងមានឥទ្ធិពលរំខានដល់មនុស្សជាច្រើនទៀត ក៏ដូចជាប្រព័ន្ធពាណិជ្ជកម្មសកលផងដែរ។ លោកបានថ្លែងថា បើនិយាយឲ្យសាមញ្ញទៅវាជាសេណារីយ៉ូចាញ់តែម្តង។
ក្រសួងពាណិជ្ជកម្មអាមេរិកបានឲ្យដឹងថា 15 ភាគរយនៃការនាំចូលលោហៈបានមកពីសហភាពអឺរ៉ុបកាលពីឆ្នាំមុន។
ប្រធានាធិបតីស្តីទីកូរ៉េខាងត្បូង លោក Choi Sang-mok បាននិយាយថា លោកនឹងពិភាក្សាអំពីវិធានការឆ្លើយតបរួមគ្នាជាមួយ EU និងជប៉ុន។ លោកបាននិយាយថា រដ្ឋាភិបាលរបស់លោកនឹងរៀបចំជំនួយចាំបាច់សម្រាប់ក្រុមហ៊ុនដែលរងផលប៉ះពាល់ដោយសារពន្ធថ្មីនេះ។ លោកក៏បានប្រកាសដែរថា នាយកប្រតិបត្តិមួយក្រុមមកពីក្រុមហ៊ុនធំៗរបស់កូរ៉េខាងត្បូងគ្រោងនឹងធ្វើទស្សនកិច្ចនៅអាមេរិកហើយនឹងនិយាយអំពីបញ្ហានេះ។
យ៉ាងណាក៏ដោយ លោកប្រធានាធិបតីអាមេរិកបានអះអាងម្តងហើយម្តងទៀតថា ការតម្លើងពន្ធគយនឹងជួយការពារការផលិតដែកនិងការងាររបស់អាមេរិក៕

ដោយ៖ ពេជ្រ