លោកប្រធានាធិបតី Vladimir Zelensky បានប្រកាសថា អ៊ុយក្រែន នឹងផ្តល់កិច្ចសន្យាសេវាកម្មយោធាដល់មនុស្សដែលមានអាយុពី ១៨ ទៅ ២៤ ឆ្នាំ ដើម្បីបន្ថែមកម្លាំងក្នុងជួរកងទ័ព។

លោក បានប្រាប់ឲ្យដឹងថា កងពលតូច មេបញ្ជាការ រួមជាមួយក្រសួងការពារជាតិ កំពុងធ្វើការលើជម្រើសកិច្ចសន្យាសម្រាប់យុវជនដែលមានអាយុពី ១៨ ដល់ ២៤ ឆ្នាំ។ នេះគឺសម្រាប់អ្នកដែលចង់ចូលរួម វាមិនមែនជាការបង្ខិតបង្ខំទេ។
លោក បានបន្ថែមថា មានកិច្ចសន្យាពិសេស និងមានអត្ថប្រយោជន៍ជាច្រើន រួមទាំងការផ្តល់រូបិយវត្ថុខ្ពស់ផងដែរ។ ព័ត៌មានលម្អិតនឹងត្រូវបានបង្ហាញជាសាធារណៈក្នុងពេលឆាប់ៗនេះ នៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ ។
លោក Zelensky នៅមិនទាន់បញ្ចេញតួលេខយុវជនដែលនឹងចូលរួមក្រោយការប្រកាសកិច្ចសន្យាបែបនេះ នៅឡើយទេ ខណកាលពីថ្ងៃទី ២ ខែកុម្ភៈ លោក ពណ៌នាពីការខាតបង់នៃកងទ័ពអ៊ុយក្រែន ក្នុងចំនួនដ៏ច្រើន ។
ការកំណត់អាយុជ្រើសរើសកងទ័ព មកត្រឹម ១៨ ឆ្នាំនេះ ត្រូវបានគេជឿថាជាអ្វីដែលអាមេរិក កំពុងជំរុញ។
បច្ចុប្បន្ននេះ កងទ័ពអ៊ុយក្រែន ភាគច្រើនមានអាយុពី ២៥ ទៅ ៦០ ឆ្នាំ ដែលកំពុងបំពេញភារកិច្ចនៅជួរមុខ។ ទោះបីជាយ៉ាងណាក៏ដោយ កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន នៅតែបន្តប្រឈមមុខនឹងការខ្វះខាតបុគ្គលិកដដែល។
ខណប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន អះអាងថា ការផ្លាស់ប្តូរអាយុជ្រើសរើសទ័ពនៅអ៊ុយក្រែន មកត្រឹម ១៨ ឆ្នាំ នេះនឹងក្លាយជាឧក្រិដ្ឋកម្មមួយ ៕

ដោយ៖ ពេជ្រ