ខេត្តរតនគីរី÷ យ៉ាងហោចណាស់មានមនុស្ស៤នាក់បានរងរបួសធ្ងន់និងស្រាល ដេករណូករណែលពេញផ្លូវ ខណៈម៉ូតូពីរគ្រឿងបើកបរនៅក្នុងទិសដៅស្របទិសគ្នា បានបុកម៉ូតូពីមុខយ៉ាងពេញទំហឹងអូសជាច្រើនម៉ែត្រ។ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ នៅតាមកំណាត់ផ្លូវជាតិលេខ៧៨ ច្រកចូលផ្លូវបេតុងមួយកន្លែង ស្ថិតក្នុងភូមិ១(តាស៊ុយ)សង្កាត់កាចាញ ក្រុងបានលុង។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញម៉ូតូពីរគ្រឿងបើកបរក្នុងទិសដៅពីលិចទៅកើត ម៉ូតូ១គ្រឿងជិះដោយយុវជនម្នាក់ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ជិះម៉ូតូម៉ាកហុងដាឌ្រីម C125 ស៊េរីឆ្នាំ2013 ពណ៌ខ្មៅ ពាក់ស្លាកលេខ រតនគីរី 1B-1003 បានរងរបួសត្រូវចង្កេះនិងជើង ខណៈសាច់ញាតិដឹកយកទៅព្យាបាលនៅគ្លីនិកឯកជនមួយកន្លែង ក្នុងក្រុងបានលុង ប៉ុន្តែមិនបានពាក់មួកសុវត្ថិភាពទេ។
ប្រភពបានបន្តថា ម៉ូតូ១គ្រឿងដែលជិះម្នាក់ឯងនោះ បានមកដល់ត្រង់ចំណុចកើតហេតុខាងលើ បានបត់ឆ្លងផ្លូវជាតិចូលទៅផ្លូវបេតុងមិនបានមើលឲ្យគ្រប់ជ្រុងជ្រោយឡើយ ស្រាប់តែម៉ូតូ១គ្រឿងមកពីខាងក្រោយ ជិះក្នុងល្បឿនលឿនក៏បានបុកយ៉ាងពេញទំហឹង ចំពាក់កណ្ដាលម៉ូតូ បណ្ដាលឲ្យបុរស៣នាក់រងរបួសធ្ងន់,ស្រាល ដេកសន្លប់ស្តូកស្តឹងរណូករណែលពេញផ្លូវ ត្រូវបានប្រជាពលរដ្ឋជួយធ្វើចលនាបេះដូងឲ្យដើរបានស្រួល។

នគរបាលប៉ុស្តិ៍សង្កាត់កាចាញបានបញ្ជាក់ថា នៅមិនទាន់ស្គាល់អត្តសញ្ញាណអ្នកជិះម៉ូតូទាំង៤នាក់នោះនៅឡើយទេ ដោយសាររថយន្តរបស់ស្នងការនគរបាលខេត្ត ប្រញាប់ដឹកអ្នករងរបួសទៅកាន់មន្ទីរពេទ្យបង្អែកខេត្ត។
ចំណែកម៉ូតូ១គ្រឿងទៀតម៉ាកហុងដាទ្រីម C125 ស៊េរីឆ្នាំ 2017 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GB-8870 បើកបរក្នុងទិសដៅពីលិចទៅកើតដូចគ្នា នៅក្នុងចំណោមជនរងគ្រោះ៣នាក់នោះ មានពីរនាក់រងរបួសធ្ងន់ ម្នាក់ដាច់កែងជើងខាងស្ដាំ និងម្នាក់ទៀតចុកដើមទ្រូង។ក្នុងនោះ២នាក់បានពាក់មួកសុវត្ថិភាពត្រឹមត្រូវ។
ក្រោយពេលកើតហេតុ នគរបាលប៉ុស្តិ៍សង្កាត់កាចាញនិងនគរបាលចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្ត បានចុះមកធ្វើការអន្តរាគមន៍ និងវាស់វែងយកមធ្យោបាយទាំងពីរគ្រឿង ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីធ្វើការសម្របសម្រួលគ្នានៅពេលក្រោយ៕




