ខេត្តស្វាយរៀង៖ ឯកឧត្តមបណ្ឌិត អ៊ុក ម៉ាការា អនុប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្រ្តី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយយុទ្ធសាស្រ្តជាតិលើកទី៣ស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ នៅសាលប្រជុំសាលាខេត្តស្វាយរៀង។

សិក្ខាសាលាខាងលើនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម សេង សិលា អភិបាលរងនៃគណៈអភិបាលខេត្តស្វាយរៀង ឯកឧត្តម នៅ ពន្លក អគ្គលេខាធិការរងក.ក.ជ. លោកនាយករដ្ឋបាលខេត្ត លោក លោកស្រី ជាថ្នាក់ដឹកនាំនៃរដ្ឋបាលក្រុង-ស្រុក ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋានក.ក.ជ. តំណាងមន្ទីរជំនាញពាក់ព័ន្ធជុំវិញខេត្ត យុវជន និងអ្នកពាក់ព័ន្ធសរុប ៦១រូបផងដែរ។

គោលបំណងនៃការបើកសិក្ខាសាលានេះ ដើម្បីផ្សព្វផ្សាយសារលិខិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាគាំទ្រការអនុវត្តយុទ្ធសាស្រ្តជាតិស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភលើកទី៣ ឆ្នាំ២០២៤ -២០២៨ និងបង្កើនការយល់ដឹងដល់ស្ថាប័ន និងភាគីពាក់ព័ន្ធនៅថ្នាក់ក្រោមជាតិពីខ្លឹមសារ និងសារៈសំខាន់នៃយុទ្ធសាស្រ្តជាតិស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ លើកទី៣ ឆ្នាំ២០២៤-២០២៨៕




