សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តើលោកសម រង្ស៊ី ត្រូវធ្វើយ៉ាងណាជាមួយរដ្ឋាភិបាលលោក Donald Trump

នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបង្ហោះសារនៅលើបណ្តាញសង្គម ដោយលើកទ្បើងអំពីអាកប្បកិរិយា និងសកម្មភាពរបស់អ្នកនយោបាយចាស់វស្សាឱកាសនិយមម្នាក់គឺលោក សម រង្ស៊ី ដែលកន្លងមកបានធ្វើការរិៈគន់ទៅលើបុគ្គលបុគ្គលិកលក្ខណៈរបស់លោក Donald Trump ពេលលោកជាបេក្ខជនប្រធានាធិបតី ខណដែលលោក សម រង្ស៊ី ថាលោក Trump ជាមនុស្សនិយាយមិនពិត និងចូលចិត្តធ្វើប្រជាភិថុត។ល។ ការលើកទ្បើងរបស់លោក សម រង្ស៊ី បែបនោះដោយសារតែគាត់គិតថាលោក Trump មិនទទួលបានជោគជ័យក្នុងការបោះឆ្នោត និងក្លាយជាប្រធានាធិបតីនោះទេ។ ប៉ុន្តែឥទ្បូវលោក Trump ក្លាយជាប្រធានាធិបតីអាមេរិក ដូច្នេះតើលោក សម រង្ស៊ី ដែលតែងតែអួតពីការគាំទ្ររបស់អាមេរិកនោះ នឹងស្នើសុំការជួយពីរដ្ឋបាលរបស់លោក Trump យ៉ាងណាទៀតទៅ។ តើគាត់ត្រូវធ្វើមុខក្រាស់ ឬដាក់ខ្លួនហើយបែរមកនិយាយល្អអំពីលោក Trump ដើម្បីបានការជួយឬទេ?។

សម្តេចធិបតីបានលើកទ្បើងយ៉ាងដូច្នេះថា “ ប៉ុន្មានថ្ងៃនេះខ្ញុំឃើញមានការចែករំលែកវីដេអូនៃបទសម្ភាសន៍របស់អ្នកនយោបាយចាស់វស្សានិងជាជនឱកាសនិយម សម រង្ស៊ី ជាមួយ The Cambodia Daily នៅថ្ងៃ ១២ កញ្ញា ២០២៤ ដែលគាត់បានធ្វើការរិះគន់ទៅលើបុគ្គលបុគ្គលិកលក្ខណៈរបស់លោក Donald Trump  ដែលពេលនោះជាបេក្ខជនប្រធានាធិបតី ដោយថាលោក Donald Trump ជាមនុស្សនិយាយមិនពិត និងចូលចិត្តធ្វើប្រជាភិថុត។ល។”

សម្តេចបន្តថា “ឃើញវីដេអូនេះធ្វើឲ្យខ្ញុំនឹកឃើញនៅពេលកន្លងមក ដែលខ្ញុំតែងតែឃើញអ្នកនយោបាយចាស់វស្សានិងជាជនឱកាសនិយម សម រង្ស៊ី តែងតែយកខ្លួនទៅភ្ជាប់ជាមួយនឹងអ្នកដែលឈ្នះ ដូចជាលោកស្រី អ៊ុង សានស៊ូជី នៅភូមាកាលពីលោកស្រីឈ្នះការបោះឆ្នោតនៅឆ្នាំ២០១៥។ ហើយតែងតែដាក់ខ្លួនឆ្ងាយពីបុគ្គលដែលចាញ់ឬមានបញ្ហា”។

សម្តេចធិបតីបានបន្ថែមថា “ការដែលលោក សម រង្ស៊ី ហ៊ាននិយាយបែបនេះនៅក្នុងរយៈពេលជាង ១ខែមុនការបោះឆ្នោតនៅសហរដ្ឋអាមេរិក ប្រហែលជាគាត់គិតថាប្រធានាធិបតី Donald Trump នឹងមិនទទួលបានជោគជ័យក្នុងការបោះឆ្នោតដែលនឹងប្រព្រឹត្តិទៅនៅខែវិច្ឆិកានោះទេ បើយោងតាមការស្ទង់មតិជាច្រើននាពេលនោះ។ តែផ្ទុយទៅវិញប្រជាពលរដ្ឋអាមេរិកបានបោះឆ្នោតឲ្យលោក Donald Trump ឈ្នះ និងក្លាយជាប្រធានាធិបតីទី ៤៧ របស់អាមេរិក”។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា “ខ្ញុំរង់ចាំមើលថាតើ អ្នកនយោបាយចាស់វស្សានិងជាជនឱកាសនិយម សម រង្សី ដែលតែងតែអួតពីការគាំទ្ររបស់អាមេរិក នឹងស្នើសុំការជួយពីរដ្ឋបាលរបស់លោក Donald Trump យ៉ាងណាទៀតទៅ។ តើគាត់ត្រូវធ្វើមុខក្រាស់ ឬដាក់ខ្លួនហើយបែរមកនិយាយល្អអំពីលោក Donald Trump ដើម្បីបានការជួយឬទេ? បើភស្តុតាងដែលបង្ហាញអំពីការរិះគន់វាយប្រហារបស់គាត់លើ បុគ្គលិកលក្ខណៈរបស់លោក Donald Trump មានច្បាស់យ៉ាងនេះ។ សង្ឃឹមថាគាត់មិនចោទថាការសម្ភាសន៍នេះក្លែងក្លាយ ហើយជាការកាត់តតាមប្រព័ន្ធ AI ទៅចុះ😅”។

យ៉ាងណាក៏ដោយសម្តេចនាយករដ្ឋមន្ត្រីលើកទ្បើងថា “ខ្ញុំជឿថាមានមនុស្សជាច្រើនក៏នឹងកំពុងរង់ចាំមើលអាកប្បកិរិយា និងសកម្មភាពរបស់អ្នកនយោបាយចាស់វស្សាឱកាសនិយមម្នាក់នេះ ជាមួយរដ្ឋាភិបាលលោក Donald Trump ទៅយ៉ាងណា?”៕

Written by 

Leave a Comment