អភិបាលខេត្តស្វាយរៀងអញ្ជើញបើកការដ្ឋានលើការ​ងារអ​នុ​គម្រោង​សា​ងសង់ ទីលានទុកដាក់សម្រាមនៅក្រុងបាវិត​

ស្វាយរៀង៖ឯកឧត្តម ប៉េង​ ពោធិ៍សា​ អភិបាលខេត្តស្វាយរៀង ​នៅព្រឹកថ្ងៃទី៣១ខែមករាឆ្នាំ២០២៥ បានអញ្ជេីញពិធីក្រុង ពាលីសុំសេចក្តីសុខបើកការដ្ឋានលើការងារអនុគម្រោង​សាង​សង់ ទីលានទុកដាក់សម្រាមក្រុងបាវិត​ នៃគម្រោងទីក្រុងគួរឲ្យចង់រស់នៅ​ ស្ថិតនៅភូមិច្រកម្ទេស​ សង្កាត់ច្រកម្ទេស​ ក្រុងបាវិត​ ខេត្តស្វាយរៀង។

ពិធីនេះមានការអញ្ជើញចូលរួមពីលោកអភិបាលរងខេត្ត​ លោកស្រីនាយករងរដ្ឋបាលសាលាខេត្ត​ តំណាងទីប្រឹក្សាបច្ចេកទេសទទួលបន្ទុកគម្រោង​ADB លោកប្រធានមន្ទីរបរិស្ថានខេត្ត​ លោកប្រធានមន្ទីរសាធារណការ​ និងដឹកជញ្ជូនខេត្ត​ និងមន្ត្រីPIU ចំណុះមន្ទីរ​ លោកអភិបាល​ គណៈអភិបាលក្រុងបាវិត​ និងមន្ត្រីPIU ចំណុះសាលាក្រុង​បាវិត លោកនាយកទីចាត់អន្តរវិស័យសាលាខេត្ត​ លោកនាយក​ នាយករង​ ទីចាត់ការរដ្ឋបាលសាលាខេត្ត​ លោកប្រធានក្រុមប្រឹក្សាក្រុង​ សមាជិកក្រុមប្រឹក្សាក្រុង​ លោកចៅសង្កាត់ ទាំង៥ក្នុងក្រុងបាវិត​ កងកម្លាំង៣ក្រុង​បាវិត ព្រមទាំងប្រជាពលរដ្ឋ ជាច្រើនរូបទៀត។

លោកលោក ពូ ម៉ានិត អគ្គនាយករង នៃ អគ្គនាយកដ្ឋាន ប្រពន្ធ័ចម្លោះទឹក កខ្វក់ នៃក្រសួងសាធារណការ និងដឹក ជញ្ជូន និងជាអនុប្រធាន គម្រោងបានឲ្យដឹងថា ក្រោមការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាលកម្ពុជា​ បានចុះហត្ថលេខាជាមួយ ADB លើកិច្ចព្រមព្រៀងឥណទាន សម្បទានសម្រាប់គម្រោងនេះនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១  មានចំនួន ១៩៣,២០ លានដុល្លារអាមេរិក ក្នុងនោះមាន ឥណទានសម្បទានពី ADB ចំនួន១៨០  លានដុល្លារអាមេរិក និងការចូលរួមជាបដិភាគ របស់រាជរដ្ឋាភិបាលកម្ពុជា ចំនួន ១៣,២០ លានដុល្លារអាមេរិក​ ហេីយមានរយៈពេល អនុវត្តជាង ៦ឆ្នាំ ចូលជាធរមាននៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ហើយគ្រោងបញ្ចប់នៅថ្ងៃទី៣១ខែឧសភា ឆ្នាំ២០២៨។ ទន្ទឹមនេះ​ ភ្នាក់ងារប្រតិបត្តិគម្រោង សម្រាប់គម្រោងអភិវឌ្ឍន៍ទីក្រុងគួរឲ្យចង់រស់នៅ   គឺជាក្រសួងសាធារណការ និងដឹកជញ្ជូន ដែលត្រូវអនុវត្តអនុគម្រោងចំនួន៥ ក្នុងនោះ​ ២អនុគម្រោងស្ថិតក្នុងក្រុងបាវិត​ និង២អនុគម្រោងទៀតស្ថិតក្នុងក្រុងប៉ោយប៉ែត និងក្នុងក្រុងកំពត។

លោកបានបន្តថា​ ទីលានទុកដាក់សំរាមដែលគ្រោងនឹងសាងសង់នេះមានផ្ទៃដីទំហំ ២១ ហិចតា គម្រោងនឹងបែងចែកដីប្រើប្រាស់ជា២ផ្នែកធំៗគឺ៖ផ្នែកទី១៖ សាងសង់រណ្តៅចាក់សំរាមចំនួន៥ រណ្តៅ និងប្រព័ន្ធគ្រប់គ្រងទឹកកខ្វក់ចេញពីសំណល់ ។

ផ្នែកទី២៖ សាងសង់ប៉ុស្តិសន្តិសុខ និងស្លាកសញ្ញាគម្រោង ធុងស្តុកសំណល់រាវនិង ស្ពានថ្លឹងទម្ងន់ និងការិយាល័យ ផ្លូវចូលទីតាំងគម្រោង និងផ្លូវក្នុងទីតាំងគម្រោង ប្រព័ន្ធលូបង្ហូរ អណ្តូងត្រួតពិនិត្យគុណភាពទឹក កន្លែងចំណត កន្លែងចែកចាយ និងផ្គត់ផ្គង់អគ្គិសនី អគាររដ្ឋបាល កន្លែងហូបហារ និងកន្លែងសម្រាក កន្លែងញែកសំរាម កន្លែងរៀបចំធ្វើជីកំប៉ុស  ធុងទឹកភ្លៀង កន្លែងផលិតហ្គាស ស្រះទឹកភ្លៀង ទីកន្លែងបន្ថែមសម្រាប់ទីលានញែកសំរាម កន្លែងសម្អាតរថយន្ត របង និងសួនច្បារដែលមានដាំដើមឈើជាដេីម។

លោកពូ ម៉ានិត បានបន្តថា ការអនុវត្តនៃគម្រោងខាងលេីនេះ​ គឺបានចូលរួមលើកកម្ពស់សោភ័ណភាពក្រុងបាវិត ក្នុងការប្រគួតប្រជែងទីក្រុងស្អាត ដោយប្រែក្លាយទីក្រុងទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ចតាមរយៈកែលម្អហេដ្ឋារចនាសម្ព័ន្ធបរិស្ថានក្រុង និងពង្រឹងសមត្ថភាពស្ថាប័នរបស់អាជ្ញាធរខេត្ត និងមូលដ្ឋាន។

ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តបានថ្លែងថា ក្រោមការគិតគូរ របស់រាជរដ្ឋាភិបាលដែលមានសម្ដេចធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានគៀងគរអ្នកវិនិយោគមកបណ្តាក់ទុនរកស៊ីនៅខេត្តស្វាយរៀង ដោយបច្ចុប្បន្ន មានតំបន់សេដ្ឋកិច្ចពិសេសចំនួន៩ កន្លែងនិង៣កន្លែងទៀត កំពុងសាងសង់បន្ថែម និងរោងចក្រសហគ្រាសជាង១ពាន់កន្លែង បង្កើតការងារ ដល់ប្រជាពលរដ្ឋជិត១៤ម៉ឺននាក់។

ឯកឧត្តមអភិបាលខេត្តបានគូសបញ្ជាក់ថា ដោយសារមានតំបន់សេដ្ឋកិច្ចពិសេស និងរោងចក្រសហគ្រាសច្រើន តម្រូវការកម្មករ ក៏កាន់តែច្រើនផងដែរ ដូច្នេះចាប់ពីពេលនេះតទៅ បងប្អូនប្រជាពលរដ្ឋមិនចាំបាច់ធ្វើដំណើរ ទៅរោងចក្រចុះឈ្មោះធ្វើការងារទៀតទេ គឺអាចចុះឈ្មោះជាមួយនឹងអាជ្ញាធរមានភូមិ ឃុំសង្កាត់ ដើម្បីឲ្យអាជ្ញាធរដាក់សំណើ ទៅតាមបណ្ដារោងចក្រនោះតែម្ដង។

ជាមួយគ្នានេះឯកឧត្តម ប៉េង ពោធិ៍សាបានថ្លែងអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវគោរពច្បាប់ចរាចរណ៍ឲ្យបានភ្ជាប់ខ្ជួន ត្រូវពាក់មួកសុវត្ថិភាព ពេលបើកបរ ប្រើប្រាស់ល្បឿនសមស្រប និងចូលរួមអប់រំកូនចៅ ឲ្យជៀសឆ្ងាយពីគ្រឿងញៀនគ្រប់ប្រភេទ និងក្មេងទំនើង៕គឹមសេង

Written by 

Related posts

Leave a Comment