សារមន្ទីរ CR7 Life Museum ដែលឧទ្ទិសដល់កំពូលតារាបាល់ទាត់ព័រទុយហ្គាល់ Cristiano Ronaldo គ្រោងនឹងបើកនៅខែកក្កដានៅមជ្ឈមណ្ឌលផ្សារទំនើប K11 Musea ក្នុងតំបន់ Tsim Sha Tsui ទីក្រុងហុងកុង។
អ្នកគាំទ្របាល់ទាត់ហុងកុងអាចទិញសំបុត្របានចាប់ពីថ្ងៃទី ៥ ខែកុម្ភៈ ដែលជាថ្ងៃកំណើតរបស់ Ronaldo ផងដែរ ។នេះបើយោងតាមអ្នករៀបចំកម្មវិធី។ សំបុត្រ Early bird និង VIP នឹងមានលក់នៅកាលបរិច្ឆេទនេះ ខណៈដែលសំបុត្រចូលទស្សនាទូទៅនឹងដាក់លក់នៅថ្ងៃទី ២៤ ខែកុម្ភៈ វេលាម៉ោង ១១ ព្រឹក តាមរយៈអនឡាញ Klook និង Ctrip ក៏ដូចជាគេហទំព័រផ្លូវការរបស់ K11 ។នេះបើយោងតាមកាសែត South China Morning Post បានរាយការណ៍។
អ្នកនាំពាក្យអ្នករៀបចំបាននិយាយថា៖ «សារមន្ទីរ CR7 Life Museum នឹងមានផ្ទៃក្រឡាដ៏គួរឲ្យចាប់អារម្មណ៍១២,០០០ sq ft ដោយបង្ហាញពីបទពិសោធន៍ដ៏អស្ចារ្យដែលផ្តល់កិត្តិយសដល់ជីវិត និងអាជីពដ៏អស្ចារ្យរបស់ Cristiano Ronaldo»។
សំបុត្រចូលទស្សនាទូទៅមានតម្លៃ ១៨០ ដុល្លារហុងកុង (២៣ ដុល្លារ) សម្រាប់មនុស្សពេញវ័យ និង ១៥០ ដុល្លារហុងកុង សម្រាប់កុមារ និងមនុស្សចាស់ ជាមួយនឹងការបញ្ចុះតម្លៃ 10% សម្រាប់ការទិញដំបូង។
សារមន្ទីរក៏នឹងផ្តល់ជូននូវសំបុត្រ VIP ជាច្រើនកម្រិតផងដែរ ដែលត្រូវបានគេរំពឹងថានឹងរួមបញ្ចូលអត្ថប្រយោជន៍ផ្តាច់មុខដូចជាទំនិញដែលមានកំណត់ ដំណើរទេសចរណ៍ទៅកាន់តំបន់ពិសេសនៅក្នុងសារមន្ទីរ។ ព័ត៌មានលម្អិតបន្ថែមអំពីកញ្ចប់ VIP នឹងត្រូវប្រកាសក្នុងពេលឆាប់ៗនេះ។
ក្រៅពីសារមន្ទីរ CR7 Life Museum នេះក៏មានសារមន្ទីរពីរផ្សេងទៀតដែលឧទ្ទិសដល់ Ronaldo នៅប្រទេសព័រទុយហ្គាល់ និងអារ៉ាប៊ីសាអូឌីត ជាកន្លែងដែលគាត់កំពុងលេងឱ្យ Al Nassr ផងដែរ ៕
