វិមានក្រឹមឡាំងចាត់ទុកទំនាក់ទំនងចុងក្រោយបង្អស់រវាងគណៈប្រតិភូរុស្ស៊ី និងរដ្ឋបាលស៊ីរីថ្មីថាមានសារៈសំខាន់ ហើយការសន្ទនានេះនឹងបន្តទៅមុខទៀត។ នេះបើយោងតាមអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកយកព័ត៌មាន។ លោក Peskov បានថ្លែងបែបនេះនៅក្នុងអំទ្បុងនៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូរុស្ស៊ីកាលពីថ្ងៃអង្គារទៅកាន់ទីក្រុង Damascus ខណដែលមន្ត្រីរុស្ស៊ីចាត់ទុកថា នោះគឺជាដំណើរដ៏សំខាន់មួយ ហើយទំនាក់ទំនងក៏សំខាន់ផងដែរ ព្រោះវាចាំបាច់ដើម្បីបង្កើត និងរក្សាការសន្ទនាថេរជាមួយប្រទេសស៊ីរី។
កាលពីថ្ងៃអង្គារ គណៈប្រតិភូអន្តរក្រសួងរុស្ស៊ីបានជួបពិភាក្សាគ្នានៅក្រុងដាម៉ាសជាមួយប្រមុខរដ្ឋបាលស៊ីរីថ្មី។ លោក Mikhail Bogdanov បេសកជនពិសេសប្រធានាធិបតីប្រចាំតំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិក ដែលដឹកនាំគណៈប្រតិភូបានពណ៌នាកិច្ចប្រជុំដែលមានរយៈពេលជិតបីម៉ោងថាជាការស្ថាបនាដ៏សំខាន់។ អ្នកការទូតជាន់ខ្ពស់រុស្ស៊ីបានសង្កត់ធ្ងន់ថា ទីក្រុងមូស្គូនៅតែបន្តគាំទ្របូរណភាពទឹកដី និងអធិបតេយ្យភាពរបស់ប្រទេសស៊ីរី។
យោងតាមលោកបានឲ្យដឹងថា គណៈប្រតិភូរុស្ស៊ីបានថ្លែងនៅឯការចរចារទ្វេភាគីថា បញ្ហាប្រឈមមុខនឹងសាធារណរដ្ឋអារ៉ាប់ ចាំបាច់ត្រូវដោះស្រាយតាមរយៈការសន្ទនារួមមួយ ដែលពាក់ព័ន្ធនឹងកម្លាំងនយោបាយទាំងអស់ ក៏ដូចជាក្រុមជនជាតិភាគតិច និងសាសនាទាំងអស់ផងដែរ។
លោក Bogdanov បានបង្ហាញឱ្យដឹងថា ក្នុងចំណោមរឿងផ្សេងទៀត ភាគីទាំងពីរបានពិភាក្សាអំពីសំណួរនៃការរក្សាមូលដ្ឋានយោធារុស្ស៊ីនៅក្នុងប្រទេសស៊ីរី។ លោកបានបន្ថែមថា ពួកគេបានយល់ព្រមបន្តការពិគ្រោះយោបល់លើបញ្ហានេះ។ ទន្ទឹមនឹងនេះ វត្តមានយោធារុស្ស៊ីនៅស៊ីរីនៅតែមិនប្រែប្រួលនោះទ្បើយ៕
ដោយ៖ ពេជ្រ