ការរត់ជាន់គ្នា ក្នុងពិធីបុណ្យ Maha Kumbh ដែលជាការជួបជុំសាសនាដ៏ធំបំផុតរបស់ពិភពលោក បានបណ្តាលឱ្យមានអ្នកស្លាប់ និងរបួសជាច្រើននាក់។ នេះបើយោងតាមរបាយការណ៍ពី AFP ។
ក្រុមអ្នកជួយសង្គ្រោះ កំពុងជម្លៀសជនរងគ្រោះចេញពីកន្លែងកើតហេតុ ខណដែលមន្ត្រីក្នុងតំបន់ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌាថា មនុស្សជាច្រើននាក់ត្រូវបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីឧប្បត្តិហេតុនៅរដ្ឋ Uttar Pradesh ភាគខាងជើង ។
ទន្ទឹមនោះ កាសែត Hindustan Times បានរាយការណ៍ថា ស្ថានភាពកំពុងជាប់គាំង ជាមួយនឹងចំនួនមនុស្សយ៉ាងច្រើន ដែលធ្វើឱ្យមានការលំបាកសម្រាប់រដ្ឋបាលក្នុងការគ្រប់គ្រង និងជួយសង្គ្រោះ ។
ចំនួនអ្នករបួសមិនទាន់ត្រូវបានគេបញ្ជាក់នៅឡើយទេ។ យោងតាមរបាយការណ៍ បានឱ្យដឹងថា រថយន្តសង្គ្រោះ កំពុងដឹកអ្នករបួសទៅកាន់មន្ទីរពេទ្យបណ្តោះអាសន្ន។
ជាមួយគ្នានោះ អាជ្ញាធរ ក៏បានប្រកាសជាសាធារណៈសុំឱ្យអ្នកចូលរួម ចាកចេញពីតំបន់នោះ ជៀសវាងបញ្ហាកាន់តែធំ ។
គួរបញ្ជាក់ថា ពិធីបុណ្យនេះ ប្រារព្ធឡើងរៀងរាល់ ១២ ឆ្នាំម្តង ពិធីបុណ្យ Maha Kumbh Mela ឬ Great Pitcher Festival ដែលជាព្រឹត្តិការណ៍សាសនានៅទីក្រុង Prayagraj នៃរដ្ឋ Uttar Pradesh ភាគខាងជើង ដែលទាក់ទាញអ្នកចូលរួមជាង ៤០០ លាននាក់ ៕
ដោយ៖ ពេជ្រ