សេចក្តីស្រាយបំភ្លឺរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរទាក់ទងការប្រកួតរវាងកីទ្បាករ ស៊ន រ៉ាគីម និង សាន់ គុនខ្មែរ

សហព័ន្ធកីឡាប្រដាល់គុនខ្មែរ សូមធ្វើការស្រាយបំភ្លឺជូនសាធារណជន ពាក់ព័ន្ធនឹងករណីការប្រកួតដណ្តើមពាន និងប្រាក់រង្វាន់ ដែលបានប្រព្រឹត្តទៅនៅស្ថានីយទូរទស្សន៍ថោន ក្នុងកម្មវិធី BOOSTRONG KING OF THE RING នាយប់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ រវាងកីឡាករ ស៊ន រ៉ាគីម និង សាន់ គុនខ្មែរ។

 ករណីនេះ មានការវែកញែកពីសំណាក់អ្នកគាំទ្រមួយចំនួន ជាពិសេសចំពោះសេចក្តីសម្រេចឲ្យកីឡាករ ស៊ន រ៉ាគីម ឈ្នះដោយពិន្ទុ បន្ទាប់ពីការប្រកួតវគ្គផ្តាច់ព្រ័ត្រចំនួន ៣ ទឹកចប់ ទោះបីជាមានករណីលើសទម្ងន់ សាន់ គុនខ្មែរចំនួន ០.៦ គីឡូក្រាម និងករណីការវៀសដៃប៉ះភ្នែកកីឡាករ សាន់ គុនខ្មែរ ក៏ដោយ។

សហព័ន្ធសូមបកស្រាយដូចខាងក្រោម៖

១- ករណីលើសទម្ងន់ក្នុងការប្រកួត

តាមបទបញ្ជាប្រកួត ការថ្លឹងទម្ងន់ គឺមិនអនុញ្ញាតឲ្យកីឡាករលើសទម្ងន់ដែលបានកំណត់ក្នុងប្រភេទទម្ងន់ប្រកួតឡើយ សូម្បីតែ ០.១ គីឡូក្រាមក៏ដោយ មិនថាជាការប្រកួតមិត្តភាព ការដណ្តើមពាន ឬការដណ្តើមខ្សែក្រវ៉ាត់នោះទេ។

ទោះជាយ៉ាងណា ក្នុងការអនុវត្តជាក់ស្តែង ក៏មានការសម្របសម្រួលដោយភាពទន់ភ្លន់ តាមសំណើរបស់អ្នករៀបចំកម្មវិធី (ម្ចាស់កម្មវិធី) ដើម្បីធានាឲ្យកម្មវិធីអាចដំណើរការបានរលូន និងជោគជ័យតាមផែនការ។ ក្នុងករណីមិនអនុញ្ញាតឲ្យប្រកួតដោយសារលើសទម្ងន់ នោះកម្មវិធីអាចត្រូវរំសាយ ដែលនឹងប៉ះពាល់ដល់កម្មវិធីទាំងមូល និងបង្កការខាតបង់ថវិកាដល់អ្នករៀបចំ។

ដូច្នេះ វិធានការសម្របសម្រួលដែលអាចអនុវត្តបាន រួមមាន៖

-កាត់ប្រាក់រង្វាន់ពីកីឡាករលើសទម្ងន់

-ដកពិន្ទុពីកីឡាករលើសទម្ងន់

-ដកហូតសិទ្ធិដណ្តើមពាន ឬខ្សែក្រវ៉ាត់ ហើយបម្លែងការប្រកួតទៅជាការប្រកួតមិត្តភាព

-ឬបង្កើនប្រភេទទម្ងន់កំណត់ឲ្យស្របតាមទម្ងន់ពិតប្រាកដរបស់កីឡាករទាំងសងខាង ដោយរក្សាលក្ខណៈដណ្តើមពាន ឬខ្សែក្រវ៉ាត់ជាធម្មតា

រាល់ការសម្របសម្រួលទាំងអស់ ត្រូវមានការឯកភាពពីម្ចាស់កម្មវិធី កីឡាករទាំងសងខាង និងក្លឹបទាំងសងខាង ហើយកីឡករ សាន់ គុនខ្មែរ មុនសហព័ន្ធអនុញ្ញាតឲ្យប្រកួត។

ជាក់ស្តែងក្នុងករណីនេះ ក្នុងចំណោមកីឡាករទាំង៤ត្រូវប្រកួតជម្រុះដណ្តើមពាន មានកីឡាករ៣នាក់លើសទម្ងន់ដែលបានកំណត់ប្រភេទទម្ងន់ប្រកួត៦០គីឡូក្រាម:

១- ស៊ន រ៉ាគីម ៦១.៤គីឡូក្រាម

២- សាន់ គុនខ្មែរ ៦០.៨គីឡូក្រាម

៣- AIMAN BATMAN ៦០.៩គីឡូក្រាម

បើតាមបទបញ្ជា ការលើសទម្ងន់របស់កីឡាករទាំង៣នាក់នេះ តម្រូវអោយពួកគាត់បាត់បង់សិទ្ធិដណ្តើមពាន ប៉ុន្តែដោយសារការសម្របសម្រួលពីម្ចាស់កម្មវិធី និងមានការឯកភាពពីប្រធានគ្រប់គ្រងកម្មវិធីស្ថានីយ៍ថោន ព្រមទាំងកីឡាករទាំង៤រូប បានធ្វើកិច្ចសន្យាយល់ព្រមប្រកួតដោយស្ម័គ្រចិត្ត មិនបង្ខំ ទោះលើសទម្ងន់ក៏ដោយ ទើបសហព័ន្ធអនុញ្ញាតឲ្យការប្រកួតប្រព្រឹត្តទៅ តាមការដាក់ពិន្ទុ ឈ្នះ ចាញ់ជាក់ស្តែងតាមបច្ចេកទេស។

២- ករណីការវៀសដៃប៉ះភ្នែក

តាមបទបញ្ជាប្រកួត ក្នុងករណីកីឡាករត្រូវវៀសដៃប៉ះភ្នែក គឺត្រូវអនុញ្ញាតឲ្យសម្រាករយៈពេល ២ នាទី។ ប្រសិនបើមិនធូរស្បើយ អាចបន្តសម្រាកបន្ថែម ដើម្បីឲ្យគ្រូពេទ្យជំនាញរបស់សហព័ន្ធធ្វើការពិនិត្យស្ថានភាពរបួស និងឲ្យគណៈវិនិច្ឆ័យពិនិត្យរូបភាពយឺតៗ ប្រសិនបើមាន។

ប្រសិនបើ បន្ទាប់ពីការសម្រាក ២នាទី ឬសម្រាកបន្ថែមរួចហើយ កីឡាករនៅតែមិនអាច ឬមិនយល់ព្រមបន្តការប្រកួត គណៈវិនិច្ឆ័យនឹងសម្រេចលទ្ធផលឈ្នះចាញ់ ដោយផ្អែកលើរបាយការណ៍គ្រូពេទ្យ សភាពធ្ងន់ស្រាលនៃការប៉ះទង្គិច រូបភាពយឺតៗ និងការវាយតម្លៃលើចេតនា ឬអចេតនារបស់អ្នកបង្ក (ដើម្បីជៀសវាងករណីស៊ីឡាក់)។

ក្នុងករណីនេះ មន្ត្រីដឹកនាំការប្រកួត និងគ្រូពេទ្យបានវាយតម្លៃថា កីឡាករ សាន់ គុនខ្មែរ អាចបន្តការប្រកួតបាន ដោយសារការប៉ះទង្គិចមិនមានភាពធ្ងន់ធ្ងរ និងមិនមែនជាការប្រើម្រាមដៃចាក់ចំគ្រាប់ភ្នែកឡើយ គ្រាន់តែជាការគ្រវាសដៃប៉ះពីចំហៀងត្រង់កន្ទុយភ្នែក ប៉ុណ្ណោះ មិនមែនចំកែវភ្នែកទេ គ្រូពេទ្យពិនិត្យ និងផ្ទៀងផ្ទាត់ជាក់ស្តែង គឺអាចប្រកួតបន្តបាន ក្រោយការសម្រាកទើបអាជ្ញាកណ្តាលសួរកីឡាករ ហើយងក់ក្បាលបន្តការប្រកួតបាន ។

មន្ត្រីដឹកនាំការប្រកួតបានជូនដំណឹង និងក្រើនរំលឹកដល់កីឡាករ សាន់ គុនខ្មែរ ថា ប្រសិនបើគាត់មិនបន្តការប្រកួត នោះត្រូវចាត់ទុកថាជាការបោះបង់ការប្រកួត ដែលស្មើនឹងចាញ់មិនមែនគំរាមកំហែងទេ ព្រោះចលនាស្រប ហើយអចេតនោះទេ។ ការក្រើនរំលឹកគឺដោយសារខ្លាចគាត់បោះបង់ការប្រកួតដោយមិនអស់ចិត្ត ព្រោះនេះជាការប្រកួតដណ្តើមពាន ឬខ្សែក្រវ៉ាត់ គឺត្រូវមានអ្នកឈ្នះ និងអ្នកចាញ់ជាក់លាក់ លុះត្រាតែមានសំណើពីម្ចាស់កម្មវិធី និងការឯកភាពពីគ្រប់ភាគី ទើបអាចអនុញ្ញាតឲ្យលើកពេល ឬរំសាយការប្រកួត និងប្រគល់ពាន ខ្សែក្រវ៉ាត់ និងថវិកាត្រឡប់ទៅម្ចាស់កម្មវិធីវិញ។

ក្រោយពីការកោះប្រជុំភាគីពាក់ព័ន្ធទាំងអស់ នាព្រឹក ថ្ងៃសៅរ៍ ទី៣១ ខែមករា ឆ្នាំ២០២៦ នេះ លោក ឃឹម សុជាតិ និង កីឡាករ សាន់ គុនខ្មែរ បានឯកភាពទទួលយកការបកស្រាយនូវការអនុវត្តបទបញ្ជាបច្ចេកទេសរបស់សហព័ន្ធ និងទទួលយកលទ្ធផល ហើយសូមបញ្ចប់ការតវ៉ាត្រឹមនេះ ។

ដូចសេចក្តីបកស្រាយជូនខាងលើ សូមសាធារណជន អ្នកស្នេហាវិស័យកីឡាប្រដាល់គុនខ្មែរទាំងអស់ មេត្តាជ្រាប និងសូមបន្តការគាំទ្រអភិវឌ្ឍ និងផ្សព្វផ្សាយគុនខ្មែរ អោយរីកចម្រើននិងសុះសាយទូទាំងប្រទេស និងសកលលោក៕

Written by 

Related posts

Leave a Comment