យោងតាមការចុះផ្សាយរបស់ផេក Cambodianess បានឲ្យដឹងថា គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា លោក Koji Kyotoku បានទទួលកិច្ចសន្យាថ្មីដោយដឹកនាំក្រុមគោព្រៃកម្ពុជារហូតដល់ចុងឆ្នាំ ២០២៦។
លោក កែវ សារ៉េត អគ្គលេខាធិការសហព័ន្ធបាល់ទាត់កម្ពុជា (FFC) បាននិយាយថា លក្ខខណ្ឌនៃកិច្ចសន្យារបស់លោក Koji គឺដូចគ្នានឹងឆ្នាំមុន។ លោកបានបន្ថែមថា សហព័ន្ធប្តេជ្ញាកែលម្អលទ្ធផលនៅក្នុងការប្រកួតនាពេលខាងមុខ ជាពិសេសពានរង្វាន់ ASEAN Hyundai Cup ក្នុងខែកក្កដា។
លោក កែវ សារ៉េត បានមានប្រសាសន៍ថា “យើងបានដឹងថាលទ្ធផលកាលពីឆ្នាំមុនមិនល្អសម្រាប់យើងទេ”។ “យើងមានផែនការដើម្បីរៀបចំក្រុមឱ្យកាន់តែប្រសើរឡើងដោយកំណត់អត្តសញ្ញាណកីឡាករកម្ពុជាដែលមានទេពកោសល្យដែលកំពុងលេងនៅក្រៅប្រទេស និងកីឡាករចូលសញ្ជាតិដើម្បីពង្រឹងក្រុម និងសម្រេចបានលទ្ធផលកាន់តែប្រសើរ”។
យ៉ាងណាមិញជុំវិញដំណឹងនេះ ហាក់មិនទាន់ផ្លូវការនៅឡើយ ដោយយើងរងចាំមើលការប្រកាសពីសហព័ន្ធបាល់ទាត់កម្ពុជា (FFC)នាពេលខាងមុខនេះ៕

