សំបុត្រចូលទស្សនាការប្រកួតធំបំផុតប្រចាំលីគកំពូលកម្ពុជា ២០២៥-២០២៦ រវាងម្ចាស់ផ្ទះក្លឹបភ្នំពេញក្រោនប្រកួតជាមួយក្លឹបព្រះខ័នរាជស្វាយរៀង គឺសល់សំបុត្រមិនដល់៥០០សន្លឹកទេ ខណៈសំបុត្រជាង ៤០០០សន្លឹកត្រូវបានលក់អស់។ នេះបើយោងតាមការចុះផ្សាយរបស់ផេកកីឡា Cam-Sport Official នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦។
ភ្នំពេញក្រោន នឹងបើកទ្វារផ្ទះរបស់ខ្លួនទទួល ក្រុមព្រះខ័នរាជស្វាយរៀង វេលាម៉ោង ៦ល្ងាច ថ្ងៃអាទិត្យ ទី១៨ ខែមករា សម្រាប់ការប្រកួតសប្តាហ៍ទី១៧ នៃលីគបាល់ទាត់កំពូលកម្ពុជា រដូវកាល ២០២៥-២៦។ ការប្រកកួតនឹងក្លាយជាជំនួបដ៏ធំគួរឲ្យចាប់អារម្មណ៍បំផុតសម្រាប់អ្នកគាំទ្របាល់ទាត់កម្ពុជា នៅពេលក្រុមចំណាត់ថ្នាក់លេខ២ ត្រូវតទល់នឹងក្រុមចំណាត់ថ្នាក់លេខ ១ ដើម្បីប្រជែងរកកំពូលតារាង និងបង្កើនឱកាសក្នុងការឈ្នះជើងឯកកាន់តែច្រើន។
ម្ចាស់ផ្ទះ ភ្នំពេញក្រោន ជាក្រុមតែមួយគត់មិនទាន់បរាជ័យក្នុងរដូវកាលនេះ បន្ទាប់ពីឈ្នះ ១០ ប្រកួត និងស្មើ ៤ ប្រកួត រកបាន ៣៤ពិន្ទុ កំពុងឈរលេខ ២ ក្នុងតារាង ខណៈ ព្រះខ័នរាជស្វាយរៀង បានចាញ់ ៣ ប្រកួត ប៉ុន្តែឈ្នះ ១២ ប្រកួត រកបាន ៣៦ ពិន្ទុ កំពុងឈរលើកំពូលតារាង។
សូមជម្រាបថាកាលពីជើងទី១ ព្រះខ័នរាជស្វាយរៀង បានខកចិត្តនៅក្នុងផ្ទះរបស់ខ្លួនដោយបានចាញ់ ភ្នំពេញក្រោន ២-៣ ។ ដូច្នេះការប្រកួតជើងទី២នេះ តើក្រុមព្រះខ័នរាជស្វាយរៀង អាចសងសឹកវិញបានដែរឬទេ សូមរង់ចាំទស្សនាទាំងគ្នានៅថ្ងៃអាទិត្យ ទី១៨ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង ៦ល្ងាច នាកីឡដ្ឋាន RSN៕

