មន្ត្រីនៃក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ថា កម្ពុជាមានច្រកដឹកទំនិញសមុទ្រចម្រុះ និងប្រទាក់ក្រឡា ដែលមានសក្តានុពល និងធានាបាននូវឯករាជ្យភាព និងម្ចាស់ការលើគ្រប់ទម្រង់ ស្របតាមច្បប់ និងវិធានអន្តរជាតិ។ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក ផន រឹម បានថ្លែងប្រាប់បណ្តាញសារព័ត៌មានក្នុងស្រុកនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ នេះ។ ការបញ្ជាក់របស់លោកធ្វើឡើងបន្ទាប់ពីប៉ុន្មានថ្ងៃមកនេះ សារព័ត៌មានថៃ បានដកស្រង់សំដីរបស់មន្ត្រីថៃ ដោយព្រមានចង់បិទខ្ទប់ ការធ្វើដំណើររបស់នាវាឆ្លងកាត់ឈូងសមុទ្រថៃមកកាន់កម្ពុជា។
អ្នកនាំពាក្យរូបនោះបានបញ្ជាក់ថា ប៉ុន្មានថ្ងៃមកនេះ ឃើញកាសែតថៃ ដកស្រង់សំដីមន្ត្រីជាន់ខ្ពស់ថៃពាក់ព័ន្ធការព្រមាន បិទ រាំងខ្ទប់ ដំណើរនាវាចរដឹកទំនិញតាមផ្លូវសមុទ្រឆ្លងកាត់ឈូងសមុទ្រថៃ ចូលមកកាន់ប្រទេសកម្ពុជា ដោយពួកទាំងនោះយកលេសផ្សេងៗមកមកសំអាង ក្នុងគោលដៅចិញ្ចឹមបហិច្ចតាឈ្លានពាន បង្កសង្គ្រាម ពង្រីកជម្លោះជាមួយកម្ពុជា។ កម្ពុជាមិនមែនក្មេងបៀមដៃ។ កម្ពុជាបានគិតគូររឿងនេះ និងបានត្រៀមលក្ខណៈរួចរាល់ ឆ្លើយតបគ្រប់ទម្រង់ ចំពោះមហិច្ចតាបង្កសង្គ្រាមពង្រីកទំនាស់របស់ថៃ។ កម្ពុជាមានច្រកដឹកទំនិញសមុទ្រចម្រុះ និងប្រទាក់ក្រឡា ដែលមានសក្តានុពល និងធានាបាននូវឯករាជ្យភាព និងម្ចាស់ការលើគ្រប់ទម្រង់ ស្របតាមច្បប់ និងវិធានអន្តរជាតិ៕



