ក្រោយពីបញ្ចប់មហាសន្និបាតលើកទី២និងកិច្ចប្រជុំលើកទី៣នៃក្រុមប្រឹក្សាសម្ព័ន្ធភាពសម្រាប់បេតិកភណ្ឌវប្បធម៌អាស៊ីនៅទីក្រុងឆុងឈីង ពីថ្ងៃទី២៨ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម គង់ វីរៈ អនុរដ្ឋលេខាធិការ និងក្នុងនាមជាអគ្គលេខាធិការនៃសម្ព័ន្ធភាពសម្រាប់បេតិកភណ្ឌវប្បធម៌អាស៊ី (ACHA) បានអញ្ជើញចូលរួមថ្លែងសុន្ទរកថាបើកកម្មវិធី ក្នុងព្រឹត្តិការណ៍អមចំនួន៣ ដែលរៀបចំឡើងក្រោមឆ័ត្រនៃ ACHA ៖
១. ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥៖ សន្និសីទលើកទី១នៃគណៈកម្មាធិការវិទ្យាសាស្ត្រនិងបច្ចេកវិទ្យារបស់សម្ព័ន្ធភាពសម្រាប់បេតិកភណ្ឌវប្បធម៌អាស៊ី ដែលមានសមាជិកពីសាកលវិទ្យាល័យ វិទ្យាស្ថាន និងស្ថាប័នពាក់ព័ន្ធនឹងកិច្ចការអភិរក្សបេតកិភណ្ឌ។ ACHA បានអញ្ជើញសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈចូលរួមជាសមាជិកនៃគណៈកម្មាធិការនេះផងដែរ។ ក្នុងនាមជាសមាជិក សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈបានបញ្ជូនមន្ត្រីជំនាញទៅចូលរួមធ្វើបទបង្ហាញ និងកិច្ចពិភាក្សា ក៏ដូចជាបង្កើនដល់កិច្ចទំនាក់ទំនងក្នុងភាពជាដៃគូ។
២. ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥៖ កម្មវិធីយុវជនសុឆន្ទៈសម្រាប់បេតិកភណ្ឌវប្បធម៌អាស៊ី ឆ្នាំ២០២៥ ក្រោមប្រធានបទ International Youth Academic Exchange on Cave Temples ដែលមានការចូលរួមពីមន្ត្រីជំនាញនៃសារមន្ទីរជាតិក្នុងនាមជាសមាជិក។ កម្មវិធីនេះ ACHA សហការរៀបចំជាមួយ Dazu Rock Carvings Research Institute នៃតំបន់បេតិកភណ្ឌពិភពលោកនៃក្រុងឆុងឈីង។
៣.ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥៖ កិច្ចប្រជុំលើកទី១នៃគណៈកម្មាធិការអូស្ត្រូនេស៊ី និងអារ្យធម៌សមុទ្រនៃសម្ព័ន្ធភាពសម្រាប់បេតិកភណ្ឌវប្បធម៌អាស៊ី នៅកោះភីងតាន ក្រុងហ្វូចូវ ខេត្តហ្វូចៀន។









