ក្រោយចាញ់ម្ចាស់ផ្ទះកៀរហ្ស៊ីស៊ីស្ថាន ៣-០ ថ្ងៃបិទពូលវគ្គជម្រុះពានរង្វាន់AFC U17 Asian Cup 2026 លោក អ៊ុក សុធី គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា ក្រោមអាយុ១៧ឆ្នាំបាននិយាយថា ៖ បើយើងលេង ១១នាក់ស្មើ ប្រហែលជាមានឱកាស បន្ទាប់ពីយើងបាត់បង់ម្នាក់ យើងលេង ១០នាក់ ដែលវាមិនងាយស្រួលក្នុងការលេងជាមួយក្រុមនេះ (កៀរហ្ស៊ីស៊ីស្ថាន) ខ្ញុំគិតថាបើយើងលេង ១១នាក់ស្មើ ប្រហែលជាមានឱកាស ប៉ុន្តែកីឡាករយើងបង្ករកំហុសដ៏ល្ងង់ យើងទទួលបានកាតក្រហម បន្ទាប់មកវាមិនមែនជាការប្រកួតដ៏ងាយស្រួកនោះទេ។
លោកបានបន្តថា យ៉ាងណាក៏ដោយកីឡាកររបស់យើងបានប្រឹងប្រែងរហូតដល់ទីបញ្ចប់ នេះជារឿងល្អ ប៉ុន្តែរឿងផ្សេងទៀត យើងត្រូវរៀនសូត្រពីកំហុសពីព្រឹត្តិការណ៍នេះ ជាពិសេសក្នុងការប្រកួតអន្តរជាតិ យើងមិនអាចបង្ករកំហុសដូច្នេះទេ ដែលនាំឱ្យប៉ះពាល់ដល់ក្រុម គួរបញ្ជាក់ថា U17 កម្ពុជា បានបាត់បង់កីឡាករម្នាក់ដោយទទួលបានកាតក្រហម ក្រោយបង្ករកំហុសយកកែងទៅវាយលើគូប្រកួត។
សូមជម្រាបថា U-17 កម្ពុជា បានបញ្ចប់ភារកិច្ចការប្រកួតវគ្គជម្រុះពានរង្វាន់ AFC U17 Asian Cup 2026 ក្នុងពូលB ដោយឈរនៅចំណាត់ថ្នាក់លេខ៥ បន្ទាប់ពីឆ្លងការប្រកួត ៥ប្រកួត គឺ ឈ្នះ១ ចាញ់៤ មាន៣ពិន្ទុ ទាត់បាល់បញ្ចូលទីគូប្រកួត ៧គ្រាប់ និងគូប្រកួតទាត់បាល់បញ្ចូលទី ១៥គ្រាប់៕

