ការប្រកួតវិញ្ញាសាបាល់ទាត់បុរសក្នុងពូល A ព្រឹត្តិការណ៍កីឡាស៊ីហ្គេម ២០២៥ ដែលមានម្ចាស់ផ្ទះថៃ កម្ពុជា និងទីម័រខាងកើត ស្ថិតនៅក្នុងពូល A គឺត្រូវផ្លាស់ប្តូរមកប្រកួតនៅពហុកីឡដ្ឋាន Rajamangala នៅទីក្រុងបាងកកវិញ ដើម្បីការពារសុវត្ថិភាពកីឡាករ ខណៈដំបូងឡើយការប្រកួតក្នុងពូល A នេះគ្រោងធ្វើឡើងនៅខេត្តសុងក្លា ជាតំបន់ភាគខាងត្បូងដែលតែងតែមានការលួចវាយឆ្មក់ពីក្រុមចលនាផ្ដាច់ខ្លួន។
ការចូលរួមទស្សនាការប្រកួតនឹងមិនគិតថ្លៃនោះទេ ប៉ុន្តែអ្នកទស្សនាត្រូវចុះឈ្មោះតាមអ៊ីនធឺណិតជាមុនដើម្បីចូលរួម។ ទន្ទឹមនឹងនេះ ពូល C ដែលមាន ឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន និងសិង្ហបុរី អាចនឹងត្រូវផ្លាស់ទៅទីក្រុងសុងខ្លា ដោយកំពុងរង់ចាំការពិភាក្សាចុងក្រោយ និងការបញ្ជាក់ជាផ្លូវការ៕

