ក្រុមសកម្មប្រយុទ្ធមិនស្គាល់អត្តសញ្ញាណស្លៀកពាក់ឯកសណ្ឋានយោធា បានប្រហារសម្លាប់ជនស៊ីវិល ១៣ នាក់នៅជាយក្រុង Homs ប្រទេសស៊ីរី ហើយចាប់មនុស្ស ៥៣ នាក់ ផ្សេងទៀតជាចំណាប់ខ្មាំង។
ពាក់ព័ន្ធនឹងឧប្បត្តិហេតុនេះ អភិបាលក្រុង Homs លោក Abdul Rahman al-Ama បានឲ្យដឹងថា រដ្ឋាភិបាល កំពុងចាត់វិធានការចាំបាច់ ដើម្បីការពារអ្នកស្រុករងគ្រោះ ។
លោក Rahman al-Ama បានលើកឡើងថា ឧក្រិដ្ឋជនដែលប្រព្រឹត្តអំពើឃោរឃៅនេះនឹងត្រូវរកឃើញ និងយកមកផ្ដន្ទាទោស ។
លោកអភិបាល បន្តថា ក្រុមនេះ ក៏បានវាយប្រហារទៅលើកន្លែងគោរពបូជាសាសនាមួយចំនួនផងដែរ ដោយទង្វើទាំងនេះគឺក្រុមឧក្រិដ្ឋជន ក្លែងខ្លួនជាមន្ត្រីសន្តិសុខ។
យោងតាម លោក អះអាងថា ជនសង្ស័យជាច្រើននាក់ត្រូវបានចាប់ខ្លួនរួចហើយ នឹងបន្តស្វែងរកបក្ខពួកដែលនៅសេសសល់ កំពុងដំណើរការ។ ខណអាជ្ញាធរ ធានាថា ឧប្បត្តិហេតុបែបនេះនឹងមិនកើតឡើងទៀតទេ ៕
ដោយ៖ ពេជ្រ