គិតតាមប្រតិទិនចន្ទគតិចិន បុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ ២០២៥ នេះត្រូវជាឆ្នាំម្សាញ់ ។ សត្វតំណាងឆ្នាំទាំង ១២ របស់ចិនសុទ្ធតែជានិមិត្តរូបដែលឆ្លុះបញ្ចាំងពីខ្លឹមសារដ៏ជ្រាលជ្រៅនិងទូលំទូលាយនៃអរិយធម៌និងវប្បធម៌ប្រពៃណីចិន ។ ក្នុងចំណោមសត្វទាំង ១២ នេះ តើសត្វពស់ដែលជា«សត្វឈាមត្រជាក់»តែមួយគត់បានតំណាងឱ្យអ្វីនៅក្នុងអរិយធម៌និងវប្បធម៌ចិន ?
ដូចដែលយើងទាំងអស់គ្នាបានដឹងស្រាប់ហើយថា សត្វនាគបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងវប្បធម៌និងអរិយធម៌ចិនដែលមានប្រវត្តិសាស្ត្រដ៏យូរលង់ រហូតដល់កកើតបានជា«វប្បធម៌សត្វនាគ»ដែលមានលក្ខណៈពិសេសរបស់ចិនទៀតផង ។ ជាពិសេស អធិរាជក្នុងសម័យបុរាណរបស់ចិនបានសន្មតខ្លួនជា«នាគរាជចុះពីឋានសួគ៌» ឯជនជាតិចិនមានទម្លាប់ហៅខ្លួនឯងថាជា«ទាយាទសត្វនាគ» រហូតមកទល់បច្ចុប្បន្ន ។
ប៉ុន្តែ មុនពេលដែលលេចចេញរូបសត្វនាគដែលជាប្រភេទសត្វដ៏មានឫទ្ធិអំណាចក្នុងរឿងទេវកថាចិន កុលសម្ព័ន្ធជនជាតិហួរសៀ (Huaxia) ដែលជាបុព្វបុរសនៃជនជាតិចិន ដែលរស់នៅតាមបណ្តោយទន្លេលឿងបានគោរពបូជាសត្វពស់ជាតូតឹមរបស់ខ្លួន ។ ពីព្រោះសត្វពស់ជាប្រភេទសត្វដែលអាចមើលឃើញក្នុងជីវភាពជាក់ស្តែង ដែលងាយស្រួលក្នុងការគូរត្រាប់តាមរូបរាង ។
ក្នុងវប្បធម៌ចិន សត្វពស់ជានិមិត្តរូបដែលមានខ្លឹមសារដ៏សម្បូរបែប ដែលតំណាងឱ្យសិរីមង្គល , ទ្រព្យសម្បត្តិ , ភាពវាងវៃ , សំណាងល្អនិងអំណាច ។ល។ ពិសេសក្នុងរឿងទេវកថា ចិន ព្រះម៉ែ នូវ៉ា(nǚ wā) និងព្រះអធិរាជ ហ៊្វូស៊ី(fu xi) ដែលជនជាតិចិននាសម័យបុរាណមានជំនឿថាជាបុព្វបុរសនៃមនុស្សជាតិគឺមានក្បាលជាមនុស្សនិងខ្លួនជាពស់ ដែលជាការឆ្លុះបញ្ចាំងពីឋានៈដ៏សំខាន់របស់សត្វពស់នៅក្នុងវប្បធម៌ប្រពៃណីចិន ។ ម៉្យាងវិញទៀត ក្នុងទម្រង់សិល្បៈអក្សរសិល្ប៍របស់ចិន ដូចជារឿង «ពស់ស-ពស់ខៀវ»ជាដើម ដែលមានតួអង្គជាសត្វពស់ចេះយុទ្ធសិល្ប៍អាចកាឡាខ្លួនជាមនុស្សដើម្បីតបស្នងសងគុណអ្នកជួយសង្គ្រោះអាយុជីវិតខ្លួនកាលពីអតីតជាតិ ដែលមិនត្រឹមតែបានបង្ហាញពីភាពសម្បូរបែបនៃនិមិត្តរូបដែលទាក់ទងនឹងសត្វពស់ប៉ុណ្ណោះទេ ប៉ុន្តែក៏បានផ្សារភ្ជាប់ជាមួយអត្ថន័យល្អបវរ ស្នេហាស្មោះសរបរិសុទ្ធ និងគុណតម្លៃនៃការតបស្នងសងគុណផងដែរ ។
ក្នុងសម័យបុរាណចិនមានរឿងតំណាលថា បើសត្វពស់ដែលរៀនយុទ្ធសិល្ប៍បានសម្រេច នឹងអាចក្លាយជាសត្វនាគ ។ អាស្រ័យហេតុនេះ ជនជាតិចិនសម័យបុរាណបានផ្តល់ឋានៈខ្ពស់ឱ្យសត្វពស់បន្ទាប់ពីសត្វនាគ និងបានប្រឌិតឡើងនូវរូបរាងរបស់សត្វពស់ជាច្រើនប្រភេទ ដូចជានៅលើព្រះពស្ត្រារបស់ព្រះចៅផែនដីគឺមានប៉ាក់រូបសញ្ញាសត្វនាគ ឯព្រះរាជវង្សានុវង្សនិងនាម៉ឺនមន្ត្រីធំៗគឺប៉ាក់រូបសត្វពស់ដែលមានក្រញាំទៅតាមឋានានុក្រម ។
ក្រៅពីនេះ នៅក្នុងសង្គមស៊ីវិលចិន សត្វពស់ក៏ត្រូវបានចាត់ទុកថាជាទេវតាថែរក្សាព្រៃភ្នំនិងផ្ទះសម្បែងផងដែរ ។ នៅតំបន់មួយចំនួន គេមានជំនឿលើសត្វពស់ និងបានតម្កល់សត្វពស់ជាជំនាងផ្ទះ ។ ម៉្យាងវិញទៀត រូបសញ្ញាពស់ក៏តំណាងឱ្យការបន្តពូជពង្សវង្សត្រកូលផងដែរ ពិសេសប្រជាជនចិនបុរាណសម្គាល់ឃើញថា សត្វពស់ចេះសកស្រកា មានសមត្ថភាពអាច«រស់ឡើងវិញ» ហេតុនេះ សត្វពស់ក៏តំណាងឱ្យអាយុវែងផងដែរ ។
អ្វីដែលជាការកត់សម្គាល់ បុណ្យចូលឆ្នាំចិនឆ្នាំនេះ ជាបុណ្យចូលឆ្នាំចិនទី ១ បន្ទាប់ពី«ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន»ត្រូវបានអង្គការយូណេស្កូដាក់បញ្ចូលក្នុង«បញ្ជីតំណាងនៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ»កាលពីខែធ្នូឆ្នាំ ២០២៤ ។ ការចុះបញ្ជីនេះមានន័យថា បុណ្យចូលឆ្នាំចិនមិនត្រឹមតែជាថ្ងៃបុណ្យរបស់ប្រទេសចិននិងប្រជាជនចិនប៉ុណ្ណោះទេ ប៉ុន្តែក៏ជាថ្ងៃបុណ្យរបស់ពិភពលោក ដែលប្រជាជនលើសកលលោកអាចចែករំលែកពីភាពសប្បាយរីករាយនិងសិរីមង្គលក្នុងថ្ងៃបុណ្យជាមួយគ្នា ។ ប្រការនេះក៏ជាការរំលេចពីការរួមចំណែកដ៏សំខាន់នៃវប្បធម៌ដ៏ត្រចះត្រចង់របស់ប្រទេសចិនចំពោះវប្បធម៌ពិភពលោក ។
តាមការស្រាវជ្រាវ បច្ចុប្បន្ននេះ មានប្រជាជនចំនួន ១ ភាគ ៥ លើពិភពលោកបានអបអរថ្ងៃបុណ្យចូលឆ្នាំចិនតាមទម្រង់ខុសៗគ្នា ។ ដោយហេតុថាបុណ្យចូលឆ្នាំចិនដែលមានប្រវត្តិសាស្ត្រជាង ៤ ពាន់ឆ្នាំ បានបង្ហាញពីគុណតម្លៃនៃភាពសុខដុមរមនាក្នុងគ្រួសារ ភាពបរិយាបន្នក្នុងសង្គម និងភាពសុខដុមរវាងមនុស្សជាតិនិងធម្មជាតិជាដើម ដូច្នេះទទួលបានការទទួលស្គាល់យ៉ាងទូលំទូលាយពីសំណាក់ប្រជាជនចិននិងជនជាតិចិននៅទូទាំងពិភពលោក បូករួមទាំងជាតិសាសន៍ដទៃទៀតផងដែរ ។
ពិភពលោកមានភាពសម្បូរបែបដោយសារតែមានអរិយធម៌ចម្រុះ ឯបុណ្យចូលឆ្នាំចិនបានតំណាងឱ្យអរិយធម៌និងវប្បធម៌ដ៏ល្អផូរផង់របស់ចិន ។ ការផ្លាស់ប្តូរនិងរៀនសូត្រពីអរិយធម៌ទៅវិញទៅមក នឹងអាចបង្កើនការយល់ដឹងពីគ្នារវាងប្រជាជននិងប្រជាជន ព្រមទាំងជំរុញភាពបរិយាបន្ននិងភាពចុះសម្រុងរវាងអរិយធម៌ទីទៃគ្នា ដើម្បីកសាងពិភពលោកដ៏ល្អបវរ ៕
អត្ថបទដោយ ៖ លោក តាំង ស៊ីឡេង , បុគ្គលិកវិទ្យុមិត្តភាពកម្ពុជា-ចិន