តុលាការចិនបានកាត់ទោសប្រហារជីវិតបុរសម្នាក់ដែលរងការចោទប្រកាន់ពីបទវាយប្រហារដោយកាំបិតលើរថយន្តក្រុងដឹកសិស្សសាលាជនជាតិជប៉ុននៅភាគខាងកើតប្រទេសចិន។ បុរសជនជាតិចិនដែលមានអាយុ ៥០ ឆ្នាំត្រូវបានឃុំខ្លួនកាលពីខែមិថុនាឆ្នាំមុននៅទីតាំងដែលគាត់បានវាយប្រហារឡានក្រុងក្នុងទីក្រុង Suzhou ខេត្ត Jiangsu ប្រទេសចិន។ ស្ត្រីជនជាតិចិនម្នាក់ជាអ្នកបម្រើក្នុងរថយន្តក្រុងបានស្លាប់ ហើយស្ត្រីជនជាតិជប៉ុនម្នាក់និងកូនរបស់គាត់បានរងរបួស។
ការកាត់ទោសប្រហារជីវិតជនសង្ស័យរូបនោះត្រូវបានធ្វើទ្បើងនៅតុលាការក្នុងស្រុកកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសជប៉ុន មិនត្រូវបានអនុញ្ញាតឱ្យមានវត្តមានក្នុងអំឡុងពេលសវនាការរបស់តុលាការនោះទេ។
អគ្គកុងស៊ុលជប៉ុននៅទីក្រុងសៀងហៃ លោក Okada Masaru បានចូលរួមសង្កេតមើលដំណើរការនៃសវនាការនេះ។ ក្រសួងការបរទេសជប៉ុនបានឲ្យដឹងថា បុរសរូបនោះត្រូវបានចោទប្រកាន់ពីបទមនុស្សឃាតដោយចេតនា។ តុលាការបានឲ្យដឹងដែរថា ឧក្រិដ្ឋកម្មរបស់គាត់គឺសាហាវព្រៃផ្សៃបំផុត ហើយបានបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សង្គម។
ទាក់ទងនឹងការលើកឡើងរបស់បុរសនោះត្រូវបានគេរាយការណ៍ថា គាត់មានជំងឺប្រចាំកាយទាក់ទងអារម្មណ៍មិនប្រក្រតីក្នុងការរស់នៅដោយសារតែជំពាក់បំណុលគេច្រើន ខណដែលក្រសួងការបរទេសជប៉ុនក៏បានឲ្យដឹងដែរថា ការកាត់ក្តីមានរយៈពេល ១០ នាទី ហើយមិនមានឯកសារយោងដែលមានការទាក់ទងនឹងប្រទេសជប៉ុននោះទេ។
គួរបញ្ជាក់ថា នៅថ្ងៃសុក្រនេះក៏មានការជំនុំជម្រះមួយទៀតទាក់ទងនឹងការវាយប្រហារលើក្មេងប្រុសសិស្សសាលាជប៉ុនដែលនឹងបើកសវនាការនៅក្រុង Shenzhen ខេត្ត Guangdong។ ក្មេងប្រុសនេះត្រូវបានបុរសម្នាក់ចាក់សម្លាប់កាលពីខែកញ្ញាឆ្នាំមុនផងដែរ។
ឧប្បត្តិហេតុជាបន្តបន្ទាប់ដែលពាក់ព័ន្ធនឹងពលរដ្ឋជប៉ុនបានធ្វើឱ្យសាលារៀនជប៉ុននៅទូទាំងប្រទេសចិនបង្កើនវិធានការសន្តិសុខរបស់ពួកគេ។ ប៉ុន្តែក្តីបារម្ភអំពីសុវត្ថិភាពនៅតែមានដដែល៕
ដោយ៖ ពេជ្រ