បន្ទាប់ពីចំណាយពេលវេលាមួយរយៈ ដើម្បីរៀបចំកម្រាលរានទស្សនា នៅស្រះទឹកអង្គរខាងត្បូងនៃប្រាសាទអង្គរវត្ត អាជ្ញាធរជាតិអប្សរា បានដាក់ឱ្យដំណើរការហើយ នូវកម្រាលរានទស្សនាថ្មីនេះ ក៏មានការសាទរពីក្រុមមគ្គុទ្ទេសក៍ទេសចរណ៍ និងទេសចរទាំងឡាយ។
លោក យ៉ា ណុប ជាមគ្គុទ្ទេសក៍ទេសចរណ៍ភាសាអង់គ្លេស បានឱ្យដឹងថា ការរៀបចំបែបនេះ ពិតជាល្អប្រសើរយ៉ាងខ្លាំង អាចជួយសម្រួលឱ្យទេសចរថតរូបភាពស្អាតៗនៅស្រះទឹកខាងត្បួងប្រាសាទអង្គរវត្ត។ អាចទាក់ទាញទេសចរជាតិ និងអន្តរជាតិ ចូលមកទស្សនាប្រាសាទអង្គរវត្តកាន់តែច្រើន។
កម្រាលរានទស្សនា នៅមាត់ស្រះទឹកអង្គរខាងត្បូង មានទំហំ៦ម៉ែត្រ គុណនិង១២ម៉ែត្រ ដោយមានការសហការពីភ្នាក់ងារបេតិកភណ្ឌ វប្បធម៌កូរ៉េ(KHA)។ សូមបញ្ជាក់ថា កន្លងមកនៅរដូវវស្សា ស្រះមានទឹកច្រើន បែកសាចចេញពីស្រះ ធ្វើឱ្យមានការលំបាកការផ្តិតយករូបភាពស្អាតៗ និង ស្រស់ស្អាត៕