ថ្លែងក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតល្ងាចនេះ គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង លោក Pep Munoz បានចាត់ទុកជាជំនួបផ្ដាច់ព្រ័ត្រ និងប្ដេជ្ញាធ្វើគ្រប់បែបយ៉ាង ដើម្បីរក្សាឱកាសប្រជែងកៅអីវគ្គបន្ដ នៃពានរង្វាន់អន្ដរជាតិប្រចាំតំបន់នេះ។ ចាំមើលតើស្វាយរៀង អាចយកឈ្នះក្រុម Thanh Hoa ក្នុងការរក្សាឱកាសមាសនេះបានដែរ ឬក៏យ៉ាងណា?
លោក Pep បាននិយាយថា «សប្ដាហ៍មុន ក្រុមយើងអត់មានការប្រកួតលីគទេ ចឹងយើងមានពេលគ្រប់គ្រាន់ក្នុងការរៀបចំក្រុមទាំងមូល ដើម្បីការប្រកួតនេះ។ យើងដឹងហើយ យើងទុកការប្រកួតនេះ គឺជាការប្រកួតផ្ដាច់ព្រ័ត្រ ហើយយើងត្រូវការឈ្នះដាច់ខាត ដើម្បីមានឱកាសឡើងជុំបន្ទាប់។ ការប្រកួតអន្ដរជាតិបែបនេះ យើងអត់អាចបង្កកំហុសបានទេ។ យើងអត់ទទួលបានពិន្ទុ សម្រាប់ ២ប្រកួតកន្លងមក។ អ៊ីចឹងយើងត្រូវធ្វើអ្វីគ្រប់យ៉ាង ដើម្បីទទួលបាន ៣ពិន្ទុត្រឡប់មកវិញ»។
សូមជម្រាបថា ក្រុមព្រះខ័នរាជស្វាយរៀង របស់កម្ពុជា នឹងត្រូវជួបក្រុមខ្លាំង Dong A Thanh Hoa ដែលកំពុងឈរកំពូលតារាងលីគកំពូលវៀតណាម នាវេលាម៉ោង ៦ល្ងាចថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ នៅកីឡដ្ឋាន Thanh Hoa នៃការប្រកួតជើងឯកក្លិបបាល់ទាត់អាស៊ាន (ASEAN Club Championship Shopee Cup) ឆ្នាំ២០២៤-២៥ ពូល A៕