ប្រធានអាជ្ញាធរប៉ាឡេស្ទីន លោក Mahmoud Abbas បានឲ្យដឹងពីការត្រៀមខ្លួនរួចជាស្រេច ដើម្បីទទួលការទទួលខុសត្រូវពេញលេញ នៅក្នុងតំបន់ហ្គាហ្សា។
ការលើកឡើងបែបនេះរបស់លោក Abbas គឺនៅក្នុងសេចក្តីថ្លែងការណ៍ដំបូង ចាប់តាំងពីការប្រកាសកិច្ចព្រមព្រៀងបទឈប់បាញ់កាលពីថ្ងៃពុធ ។
សេចក្តីថ្លែងការណ៍ដដែល បានបន្ថែមថា អាជ្ញាធរប៉ាឡេស្ទីន មានឆន្ទៈក្នុងការធ្វើការដើម្បីជួយសម្រួលដល់ការវិលត្រឡប់របស់ជនភៀសខ្លួនទៅកាន់ផ្ទះរបស់ពួកគេ ក៏ដូចជាការស្តារសេវាកម្មដូចជា ទឹក អគ្គិសនី គ្រប់គ្រងផ្លូវឆ្លងកាត់ និងត្រួតពិនិត្យកិច្ចខិតខំប្រឹងប្រែងកសាងឡើងវិញ។
គួរបញ្ជាក់ថា អាជ្ញាធរដែលគ្រប់គ្រងដោយគណបក្សនយោបាយ Fatah បានគ្រប់គ្រងរដ្ឋបាលលើតំបន់ហ្គាហ្សា រហូតដល់ឆ្នាំ ២០០៧ បន្ទាប់ពីក្រុមហាម៉ាស់ បានឈ្នះការបោះឆ្នោតនីតិបញ្ញត្តិឆ្នាំ ២០០៦ នៅក្នុងតំបន់កាន់កាប់។ ចាប់តាំងពីពេលនោះមក ក្រុមហាម៉ាស បានគ្រប់គ្រងតំបន់ហ្កាហ្សា ហើយអាជ្ញាធរប៉ាឡេស្ទីន គ្រប់គ្រងផ្នែកខ្លះនៃតំបន់ West Bank ដែលអ៊ីស្រាអែលកាន់កាប់ ៕
ដោយ៖ ពេជ្រ