ប្រធានសមាគមសហគ្រាសធុនតូច និងមធ្យមអាស៊ីប៉ាស៊ីហ្វិក (APASME) បានដឹកនាំក្រុមហ៊ុនចំនួន៩ជាសមាជិក មកស្វែងយល់ឱកាសវិនិយោគនៅកម្ពុជា។ ផ្តើមពីនោះកាលពីម្សិលមិញគណៈប្រតិភូសមាគមបានចូលជួបពិភាក្សាជាមួយឧបនាយករដ្ឋមន្ត្រីលោក ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
លោក Kelvin MO ប្រធានសមាគមសហគ្រាសធុនតូចនិងមធ្យមប៉ាស៊ីហ្វិក បានឲ្យដឹងថាការចូលជួប និងសម្តែងការគួរសមរួមទាំងពិភាក្សាការងារជាមួយលោកឧបនាយករដ្ឋមន្ត្រីនាពេលនេះគឺដើម្បីស្វែងយល់កាន់តែច្បាស់បន្ថែមទៀតអំពីបរិយាកាសវិនិយោគ និងលក្ខខណ្ឌបទដ្ឋានគតិយុត្តនានាសម្រាប់កិច្ចវិនិយោគនៅកម្ពុជា ក្រោយគណៈប្រតិភូធ្លាប់បានចូលរួមក្នុងសិក្ខាសាលាផ្សព្វផ្សាយអំពីសក្ដានុពលវិនិយោគនៅក្នុងប្រទេសកម្ពុជា កាលពីអំឡុងបេសកកម្ម “គោះទ្វារវិនិយោគ” របស់លោកឧបនាយករដ្ឋមន្ត្រី នៅប្រទេសកាណាដា កាលពីខែកញ្ញា ឆ្នាំ២០២៤កន្លងទៅ។ លោកប្រធានសមាគមបានបន្ថែមដោយសន្យាថានឹងចូលរួមផ្សព្វផ្សាយឱ្យបានផុសផុលអំពីកាលានុវត្តភាពរបស់កម្ពុជាក្នុងសមាគមសហគ្រាសធុនតូច និងមធ្យមអាស៊ីប៉ាស៊ីហ្វិក។
សមាគមសហគ្រាសធុនតូច និងមធ្យមអាស៊ីប៉ាស៊ីហ្វិក (APASME) គឺជាអង្គការមិនរកប្រាក់ចំណេញដែលជំរុញលើកកម្ពស់ភាពជាដៃគូលើវិស័យធុរកិច្ច និងការវិនិយោគនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលមានបេសកកម្មសម្របសម្រួលនិងជំរុញការផ្លាស់ប្តូរទំនាក់ទំនងរវាងអាជីវកម្មធុនតូច និងមធ្យម ជាមួយគ្រប់វិស័យពាក់ព័ន្ធ៕