លោក Biden៖ ឆេះព្រៃនៅកាលីហ្វ័រញ៉ា នឹងត្រូវចំណាយអស់រាប់សិបពាន់លានដុល្លារ

ប្រធានាធិបតីអាមេរិកលោក Joe Biden បានថ្លែងឲ្យដឹងកាលពីថ្ងៃច័ន្ទថា ការសាងសង់ទីក្រុងឡូសអេនជឺលេសឡើងវិញ បន្ទាប់ពីភ្លើងឆេះព្រៃដ៏សាហាវ នឹងត្រូវចំណាយអស់រាប់សិបពាន់លានដុល្លារ។

លោកថា ទោះបីជារដ្ឋាភិបាលសហព័ន្ធនឹងរ៉ាប់រង ១០០% នៃការចំណាយសម្រាប់រយៈពេល ១៨០ ថ្ងៃក្រោយសម្រាប់ជាការរ៉ាប់រងលើការខូចខាតដូចជា ប្រាក់ឈ្នួលបន្ថែមម៉ោងរបស់អ្នកពន្លត់អគ្គីភ័យ ការដកយកចេញនូវកំទេចកំទី និងកន្លែងស្នាក់នៅបណ្តោះអាសន្នក៏ដោយ ករណីនោះនឹងចំណាយអស់រាប់សិបពាន់លានដុល្លារដើម្បីឱ្យទីក្រុង Los Angeles ត្រលប់ទៅកន្លែងដែលមានទិដ្ឋភាពសមរម្យទ្បើងវិញ។ លោក Biden បានថ្លែងបែបនេះនៅក្នុងសន្និសីទខ្លីមួយជាមួយក្រុមមន្ត្រីសង្គ្រោះបន្ទាន់។ លោក​​ថា សភា​នឹង​ត្រូវ​បង្កើន​ការ​ផ្តល់​ថវិកា​ដើម្បី​ជួយ​អ្នក​ដែល​រងគ្រោះ​ដោយ​ភ្លើង​ឆេះ​ព្រៃ។

គួររំលឹកថា យ៉ាងហោចណាស់មនុស្ស ២៤ នាក់បានស្លាប់ចាប់តាំងពីអគ្គីភ័យជាច្រើនបានចាប់ផ្តើមកាលពីថ្ងៃអង្គារសប្តាហ៍មុន ហើយសំណង់ជាង ១២,០០០ រួមទាំងផ្ទះ អាជីវកម្ម និងផ្ទះគោរពបូជាត្រូវបានភ្លើងឆេះក្លាយទៅជាផេះ។

 យោងតាមនាយកដ្ឋានព្រៃឈើ និងការពារភ្លើងរដ្ឋកាលីហ្វ័រញ៉ា បានឱ្យដឹងថា ផ្ទៃដីជាង ៤០,០០០ ហិចតាត្រូវបានដុតបំផ្លាញដោយភ្លើង Eaton, Palisades, Kenneth និង Hurst ខណការ​ខិត​ខំ​ទប់​ស្កាត់​ភ្លើង​នៅ​តែ​បន្ត។ 

    លោក​ Biden ​បាន​បញ្ជាក់​ថា ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​អគ្គិភ័យ​នឹង​ទទួល​បាន​ប្រាក់​សំណង​ម្តង​ចំនួន ៧៧០ ដុល្លារក្នុងម្នាក់ៗ។ លោកថា រហូតមកដល់ពេលនេះអ្នកនៅរស់រានមានជីវិតជិត ៦,០០០នាក់បានចុះឈ្មោះដើម្បីទទួលយកប្រាក់ ខណដែលការចំណាយមានរហូត ៥.១ លានដុល្លារ។ លោកបន្ថែមថា “ខ្ញុំលើកទឹកចិត្តអ្នកគ្រប់គ្នាដែលរងផលប៉ះពាល់ឱ្យទទួលបានជំនួយ” ហើយលោកប្តេជ្ញាថានឹងធ្វើ អ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបាន ដើម្បីជួយ Los Angeles ហើយអ្នកស្រុកឆ្លងផុតគ្រោះមហន្តរាយ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment